ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ថា អឺរ៉ុបចាំបាច់ត្រូវមាន អាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន

RT news

បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Joschka Fischer បានអះអាងថា សហភាពអឺរ៉ុបចាំបាច់ត្រូវទទួលបាន ឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីរារាំងរុស្ស៊ីឱ្យកាន់តែប្រសើរឡើង ។ លោក Joschka Fischer បានព្រមានថាប្លុកនេះគួរតែអាចរក្សាខ្លួនឯង បានប្រសិនបើទំនាក់ទំនងរបស់ខ្លួន ជាមួយអាមេរិកមានភាពប្រេះឆា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែមុន ប្រធានាធិបតីប្រទេសឆេក លោក Petr Pavel បាននិយាយថា អង្គការណាតូបានចាត់ទុកទីក្រុងមូស្គូ ជាការគំរាមកំហែងដ៏ធំបំផុត ដោយប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកមួយនេះ កំពុងរៀបចំសម្រាប់ជម្លោះដ៏ធំមួយ។ មន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេមើលឃើញការពង្រីកទៅទិសខាងកើតរបស់អង្គការ ណាតូ ជាការរំលោភលើសន្តិសុខរបស់ប្រទេសរុស្ស៊ី។

លោក Joschka Fischer បានទទូចនៅក្នុងបទសម្ភាសន៍ជាមួយ កាសែត Die Zeit របស់អាល្លឺម៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា “យើងត្រូវតែស្តារសមត្ថភាពរារាំងរបស់យើង” ដោយគិតពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកក៏បាននិយាយផងដែរថា អឺរ៉ុបមិនអាចមានលទ្ធភាពអនុញ្ញាតឱ្យ ទីក្រុងមូស្គូមានជ័យជំនះនៅក្នុងអ៊ុយក្រែនទេ ដោយជម្លោះបច្ចុប្បន្នមាន “សារៈសំខាន់” សម្រាប់អនាគតរបស់ទ្វីបនេះ។

លោក Fischer ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេស និងជាអធិការបតីរងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតគណបក្សបៃតងអាល្លឺម៉ង់ផងដែរ។ នៅឆ្នាំ ១៩៩៩ នៅពេលដែលគាត់ជាអ្នកការទូតកំពូល របស់ទីក្រុងប៊ែរឡាំង និងជាមេដឹកនាំគណបក្សបៃតង លោកបានគាំទ្រយុទ្ធនាការទម្លាក់គ្រាប់បែក របស់អង្គការណាតូប្រឆាំងនឹងប្រទេសយូហ្គោស្លាវី។ ក្នុងឆ្នាំ ២០១១ លោកបានគាំទ្រអន្តរាគមន៍របស់ កងទ័ពអាល្លឺម៉ង់នៅអាហ្វហ្គានីស្ថានថែមទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top