តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានចេញការប្រកាសអាសន្ន រលកយក្សស៊ូណាមិ កាលពីល្ងាចថ្ងៃសៅរ៍ សម្រាប់តំបន់ធំទូលាយ ដែលប្រឈមមុខនឹង មហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងខេត្ត Chiba, Shizuoka និង Kagoshima បន្ទាប់ពីការរញ្ជួយដី កម្រិតបឋមកម្រិត ៧,៧ រិចទ័របានវាយប្រហារ លើកោះមីដាណេវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។
មន្ត្រីនៃទីភ្នាក់ងារឧតុនិយម ជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃអាទិត្យ នៅទីក្រុងតូក្យូថា នៅទីក្រុង Davao របស់ប្រទេសហ្វីលីពីន រលកយក្សស៊ូណាមិកម្ពស់ ៨ សង់ទីម៉ែត្រត្រូវបានគេសង្កេតឃើញបន្ទាប់ពីការរញ្ជួយដី ដែលបានវាយប្រហារនៅវេលាម៉ោង ១១ និង ៣៧នាទីយប់ ម៉ោងនៅប្រទេសជប៉ុន ។
វិទ្យាស្ថានស្រាវជ្រាវភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា ការព្រមានអំពីរលកយក្សស៊ូណាមិ ក៏ត្រូវបានចេញសម្រាប់តំបន់ឆ្នេរនៃខេត្ត Surigao del Sur និង Davao Oriental ផងដែរ។ អ្នកស្រុកក្នុងតំបន់ត្រូវបានប្រាប់ឱ្យជម្លៀសទៅកាន់ទីទួលខ្ពស់។
ទីភ្នាក់ងារនេះបានឲ្យដឹងថា សម្រាប់ប្រទេសជប៉ុន រលកយក្សស៊ូណាមិដែលមានកម្ពស់ ១ម៉ែត្រអាចទៅដល់កោះ Miyako និងតំបន់ជុំវិញនៅអូគីណាវ៉ា ក៏ដូចជាខេត្តផ្សេងទៀតផងដែរ។ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីរបួសឬការខូចខាតនៅក្នុងប្រទេសទាំងពីរនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា