បរទេស៖ ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់យោធាកាលពីចុងសប្តាហ៍ ដែលបានសម្លាប់មនុស្ស ៨៥នាក់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងភូមិ Tudun Biri ភាគខាងជើងរដ្ឋ Kaduna កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យមួយរបស់មូស្លីម។
អ្នកភូមិរាប់សិបនាក់ក៏បានរងរបួស ក្នុងការវាយប្រហារនោះដែរ។
ការិយាល័យរបស់ប្រធានាធិបតី Tinubu បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីទុក្ខសោកចំពោះឧបទ្ទវហេតុនេះ ដែលលោកបានហៅថា ជា “អកុសល គួរឱ្យព្រួយបារម្ភ និងឈឺចាប់” ។
យ៉ាងណាក៏ដោយ កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ា បានបដិសេធការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។
យោធារបស់ប្រទេសនីហ្សេរីយ៉ា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក នៅក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំង នឹងក្រុមជ្រុលនិយមអ៊ីស្លាម ដែលបានធ្វើយុទ្ធនាការបះបោរនៅភាគឦសាន និងភាគពាយព្យរបស់ប្រទេស អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
