ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី នឹងរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី របស់ខ្លួននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

Xinhua

ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា សភាជាន់ខ្ពស់ របស់រុស្ស៊ី បានបោះឆ្នោតសម្រេច នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា ការសម្រេចនេះត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទដោយសំឡេង១៦២ ក្នុងក្រុមប្រឹក្សាសហព័ន្ធ ។

លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធបានថ្លែងថា “ជាមួយនឹងការ សម្រេចចិត្តនេះដែរ យើងកំពុងចាប់ផ្តើម យុទ្ធនាការបោះឆ្នោត ប្រកបដោយប្រសិទ្ធភាព” ។

លោកស្រីបានបន្ថែមថា ជាលើកដំបូងហើយ ដែលអ្នកស្រុកនៃតំបន់ Donetsk, Luhansk, Zaporizhzhya និង Kherson នៃប្រទេសអ៊ុយក្រែន ដែលបញ្ចូលដោយរុស្ស៊ី នឹងចូលរួមក្នុងការបោះឆ្នោតនេះដែរ ។

លោកស្រី Matviyenko បានថ្លែងថា “តាមរយៈការជ្រើសរើសប្រមុខរដ្ឋរួមគ្នានេះ យើងចែករំលែកយ៉ាងពេញលេញនូវទំនួលខុសត្រូវរួម និងជោគវាសនារួម នៃមាតុភូមិរបស់យើង” ។

គួរបញ្ជាក់ដែរថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅមិនទាន់បានប្រកាសជាផ្លូវការ អំពីចេតនារបស់គាត់ ក្នុងការឈរឈ្មោះសម្រាប់អាណត្តិ ប្រធានាធិបតីថ្មីរយៈពេល៦ឆ្នាំនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top