ញ៉ូដេលី ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា បានកើនដល់៧នាក់ហើយ ខណៈដែលព្យុះស៊ីក្លូន Michaung បានបោកបក់មកលើរដ្ឋ Andhra Pradesh ដែលជារដ្ឋនៅជិតខាងគ្នាកាលពីថ្ងៃអង្គារ ។
ព្យុះស៊ីក្លូនដែលមានល្បឿនខ្យល់ អតិបរមាពី៩០ដល់១០០គីឡូម៉ែត្រក្នុង១ម៉ោង បានធ្វើឱ្យដីគោកនៅជិតតំបន់ Bapatla នៅភាគខាងត្បូង Andhra Pradesh រងសម្ពាធទាប ។
របាយការណ៍មួយរបស់កាសែត The Hindu បានផ្សាយថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានខ្យល់បក់ខ្លាំង បានបោកបក់មកលើទីក្រុង និងភូមិតាមឆ្នេរសមុទ្រ ដោយបានធ្វើឲ្យរញ្ជួយដល់ដើមឈើ និងបង្គោលអគ្គិសនី ។
ប្រមុខរដ្ឋ Tamil Nadu លោក M.K. Stalin បានថ្លែងថា មនុស្សជាង៦០.០០០នាក់ត្រូវបានផ្លាស់ប្តូរទៅកាន់ជំរុំសង្គ្រោះនៅក្នុងស្រុកចំនួន៩ក្នុងរដ្ឋខាងលើ ។
កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានដាក់ពង្រាយក្រុមជិត២៩ កន្លែងនៅក្នុងរដ្ឋ Andhra Pradesh, Tamil Nadu, Telangana និង Puducherry ដើម្បីអនុវត្តប្រតិបត្តិការសង្គ្រោះ និងជួយសង្គ្រោះបន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា