ព័ត៌មានអន្តរជាតិ

ប្រទេសធំៗចំនួន៣ ឯកភាពគ្នា ក្នុងការឆ្លើយតបទៅនឹង ការគំរាមកំហែង របស់កូរ៉េខាងជើង តាមប្រព័ន្ធអ៊ីនធើរណេត

រូបភាព៖ Afp

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន បានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មី ដើម្បីឆ្លើយតបទៅនឹង ការគំរាមកំហែង របស់កូរ៉េខាងជើង នៅក្នុងប្រព័ន្ធអ៊ីនធើរណេត រួមទាំងការបំពានលើរូបិយប័ណ្ណអេឡិចត្រូនិក និងការបាញ់បង្ហោះតាមអវកាស ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានថ្លែងដូច្នេះ ។

ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសទាំង៣ បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ខណៈដែលក្រុងព្យុងយ៉ាងបានព្រមានថា ខ្លួននឹងដាក់ពង្រាយផ្កាយរណប ចារកម្មបន្ថែមទៀត ។

លោក Sullivan បានថ្លែងថា កិច្ចប្រជុំបានតាមដាន លើការប្តេជ្ញាចិត្ត ដែលបានកំណត់ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី Camp David ដែលរៀបចំ ដោយប្រធានាធិបតី លោក ចូ បៃដិន នៅក្នុងខែសីហា ដែលមេដឹកនាំសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីសំខាន់២ របស់ខ្លួន បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅថែមទៀត ។

លោក Sullivan បានប្រាប់ដល់អ្នកយកព័ត៌មានដោយសំដៅទៅប្រទេសកូរ៉េខាងជើងតាមឈ្មោះផ្លូវការរបស់ខ្លួនថា ប្រជាធិបតេយ្យសាធារណរដ្ឋប្រជាមានិតកូរ៉េ យ៉ាងដូច្នេះថា “យើងក៏បានចាប់ផ្តើមគំនិតផ្តួចផ្តើមត្រីភាគីថ្មី ដើម្បីទប់ទល់នឹងការគម្រាមកំហែង ដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង ពីឧក្រិដ្ឋកម្មតាមអ៊ីនធើរណេត និងការលាងរូបិយប័ណ្ណឌីជីថលតាមអនឡាញ និងការធ្វើតេស្តមីស៊ីលផ្លោងរបស់ខ្លួន” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top