បរទេស៖យោងតាមការអះអាង ដោយការិយាល័យ ប្រធានាធិបតី បានឲ្យដឹងថាលោក ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១២ ខែធ្នូដោយ លោកគ្រោងនឹងជួប ជាមួយសមភាគីអាមេរិក លោក Joe Biden ផងដែរ។
ក្នុងចំណោមប្រធានបទសំខាន់ៗ នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននឹ ងមានការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក ជាពិសេសគម្រោងរួម សម្រាប់ការផលិតអាវុធ និងប្រព័ន្ធការពារដែនអាកាស ក៏ដូចជាការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋទាំងពីរ នាពេលខាងមុខដែរ។
មន្ត្រីជាន់ខ្ពស់សេតវិមាន Karine Jean-Pierre បានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ Zelensky នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កិច្ចប្រជុំនេះមានគោលបំណង បញ្ជាក់ពីការប្តេជ្ញាចិត្ត ដែលមិនអាចរង្គោះរង្គើ របស់សហរដ្ឋអាមេរិកក្នុងការគាំទ្រ ប្រជាជនអ៊ុយក្រែន ខណៈដែលពួកគេការពារខ្លួន ប្រឆាំងនឹងការឈ្លានពាន ដ៏ឃោរឃៅរបស់រុស្ស៊ី។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយទៀតថា តម្រូវការបន្ទាន់ របស់ប្រទេសនេះនឹងត្រូវបានពិភាក្សា នៅពេលដែលប្រទេសរុស្ស៊ី បង្កើនការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី