ព័ត៌មានអន្តរជាតិ

ចិន ខកចិត្ត ចំពោះការវេតូរបស់អាមេរិក ចំពោះដំណោះស្រាយ បទឈប់បាញ់ នៅតំបន់ហ្គាហ្សា

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងការសោកស្តាយ និងការខកចិត្តរបស់ប្រទេស ចំពោះវេតូរបស់សហរដ្ឋអាមេរិក ចំពោះដំណោះស្រាយ នាពេលថ្មីៗនេះ ដែលអំពាវនាវឱ្យមាន បទឈប់បាញ់មនុស្សធម៌ ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។

កាលពីថ្ងៃទី០៨ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោតលើដំណោះស្រាយបទឈប់បាញ់ ដែលព្រាងដោយប្រទេសអារ៉ាប់រួម (UAE) ប៉ុន្តែមិនត្រូវបានអនុម័ត ដោយសារតែការវេតូពីសហរដ្ឋអាមេរិក។

នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ អ្នកនាំពាក្យលោក ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ជនស៊ីវិលជិត ២ម៉ឺន នាក់ត្រូវបានសម្លាប់ និងជាងមួយលាននាក់បានផ្លាស់ទីលំនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃអំពើហិង្សានាពេលបច្ចុប្បន្ននៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។

លោកស្រី​បាន​បន្ត​ថា​ “​បទ​ឈប់​បាញ់ ​និង​ការ​បញ្ចប់​អរិភាព​នាពេល​បច្ចុប្បន្ន ​គឺជា​អាទិភាព​កំពូល​ហើយ​ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ប្រាថ្នា​ដ៏​ទូលំទូលាយ​របស់​អន្តរជាតិ​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ​។

លោកស្រីបានលើកឡើងថា ប្រទេសជិត ១០០ រួមទាំងប្រទេសចិន បានសហការឧបត្ថម្ភសេចក្តីព្រាងសេចក្តីសម្រេច ដែលដាក់ដោយ UAE តំណាងឱ្យប្រទេសអារ៉ាប់ ដោយកត់សម្គាល់ថា ប្រទេសចិន សោកស្តាយ និងខកចិត្ត ចំពោះវេតូរបស់សហរដ្ឋអាមេរិក ដែលជាការវេតូតែមួយគត់ប្រឆាំងនឹងដំណោះស្រាយនេះ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការអនុញ្ញាតឱ្យជម្លោះបន្តមាន ន័យថា ជនស៊ីវិល ដែលស្លាប់បាត់បង់ជីវិតកាន់តែធ្ងន់ និងមហន្តរាយមនុស្សធម៌កាន់តែធំ ហើយនឹងសាបព្រោះគ្រាប់ពូជនៃការស្អប់កាន់តែច្រើន។

លោកស្រីបន្ថែមថា “ចំពោះបញ្ហាសង្រ្គាម និងសន្តិភាព ជីវិត និងការស្លាប់ ប្រទេសធំៗដែលមានឥទ្ធិពល ចាំបាច់ត្រូវដើរតួនាទីស្ថាបនា ក្នុងការជួយបញ្ចប់ការប្រយុទ្ធ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចៀសការស្លាប់ និងរបួសរបស់ជនស៊ីវិល និងឈរនៅម្ខាងនៃសន្តិភាព និងផ្នែកនៃជីវិត” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top