បរទេស៖ នាយក FBI លោក គ្រីសស្តូហ្វ័រ រ៉េ បានជួបសមភាគី ឥណ្ឌាក្នុងទីក្រុង ញូដេលី កាលពីថ្ងៃច័ន្ទ ចំពេលមានការស៊ើបអង្កេត ដែលកំពុងបន្តលើការ ចោទប្រកាន់ឥណ្ឌា ក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំផ្តាច់ខ្លួន របស់ក្រុម Sikh (ស៊ីក ដែលជាក្រុមសាសនា និងទស្សនវិជ្ជារបស់ឥណ្ឌា) នៅទីក្រុងញូវយ៉ក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wray ដែលកំពុងបំពេញ ទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅប្រទេសឥណ្ឌា បានជួបពិភាក្សាជាមួយនាយក ការិយាល័យស៊ើបអង្កេតកណ្តាល (CBI) លោក ប្រាវីន សួដ ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ត្រីអាមេរិកត្រូវបានកំណត់ សម្រាប់កិច្ចប្រជុំដាច់ដោយឡែក ជាមួយប្រធានទីភ្នាក់ងារស៊ើបអង្កេតជាតិរបស់ឥណ្ឌា (NIA) ការិយាល័យស៊ើបការណ៍ សម្ងាត់ និងស្រាវជ្រាវ និងវិភាគវីង (RAW) ក៏ដូចជាទីប្រឹក្សាសន្តិសុខជាតិ អាជីត ឌូវ៉ាល់ ។
ដំណើរទស្សនកិច្ចរបស់លោក គ្រីសស្តូហ្វ័រ រ៉េ នាយក FBI ទៅកាន់ប្រទេសឥណ្ឌាគឺជាលើកទីមួយដោយប្រធាន FBI ក្នុងរយៈពេល ១២ ឆ្នាំ ហើយដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលមាន វាំងននក្រោយ នៃការស៊ើបអង្កេត លើការចោទប្រកាន់ រដ្ឋាភិបាលឥណ្ឌាក្នុងការប៉ុនប៉ង ធ្វើឃាតសកម្មជន Sikh នៅញូវយ៉ក សហរដ្ឋអាមេរិក ។ គោលដៅគឺលោក ហ្គូផាវ៉ាន់ ស៊ីង ប៉ានុន គឺជាស្ថាបនិក នៃអង្គការ Sikhs for Justice (SFJ) ដែលជាអង្គការតស៊ូមតិ ការបង្កើតរដ្ឋ ខាលីស្តេន ។ SFJ ត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា ខណៈដែលលោក ប៉ានុន ស្ថិតនៅក្នុងបញ្ជីភេរវករ ដែលគេស្វែងរកចាប់ខ្លួន។
យោងតាមការចោទប្រកាន់ របស់តុលាការអាមេរិក មន្ត្រីចារកម្មឥណ្ឌាម្នាក់ ដែលមិនបញ្ចេញឈ្មោះ បានធ្វើការដោយផ្ទាល់ជាមួយជនជាតិឥណ្ឌាឈ្មោះ នីកហ៊ីល កាប់តា ដើម្បីរៀបចំការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងលោក ប៉ានុន នៅញូវយ៉កក្នុងខែមិថុនា។ ឈ្មោះ កាប់តា ត្រូវបានចាប់ខ្លួននៅសាធារណរដ្ឋឆេក ហើយកំពុងរង់ចាំការកាត់ទោស។
ករណីនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការសម្លាប់សកម្មជន Sikh លោក ហាឌីប ស៊ីង នីចា នៅប្រទេសកាណាដាក្នុងខែមិថុនាឆ្នាំនេះ ។ ក្នុងខែកញ្ញា ទីក្រុងអូតាវ៉ា បានចោទឥណ្ឌាជាសាធារណៈថា បានជាប់ពាក់ព័ន្ធក្នុងឃាតកម្ម របស់លោក នីចា ។
CBI ដែលជាទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងស្រុករបស់ប្រទេសឥណ្ឌា មិនបាននិយាយអំពីសកម្មជន ខាលីស្តេន នៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទជាមួយ គ្រីសស្តូហ្វ័រ រ៉េ នាយក FBI នោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាបានកត់សម្គាល់ថា កិច្ចពិភាក្សា បានផ្តោតលើ “ការពង្រឹងការផ្លាស់ប្តូរព័ត៌មាន អំពីបញ្ហាឧក្រិដ្ឋកម្ម សម្រាប់ការសម្របសម្រួល ប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែក ជំនាញក្នុងការស៊ើបអង្កេត ឧក្រិដ្ឋកម្មដែលប្រើបច្ចេកវិទ្យា” ។
ប្រែសម្រួលៈ ណៃ តុលា