ព័ត៌មានអន្តរជាតិ

វៀតណាម-ចិន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ចំនួន៣៦

VN Express

បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង និងលោក ស៊ី ជិនពីង ដែលជាអគ្គលេខាបក្ស និងជាប្រធានាធិបតីចិន បានពិនិត្យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ ក្នុងវិស័យជាច្រើនដែលបាន ចុះហត្ថលេខាដោយភាគីទាំងពីរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៦ លើវិស័យជាច្រើនត្រូវបានចុះហត្ថលេខា រវាងនាយកដ្ឋាន ក្រសួង និងតំបន់នៃប្រទេសទាំងពីរ ដែលបង្ហាញពីសមិទ្ធិផលដ៏សម្បូរបែប និងទូលំទូលាយដែលភាគីទាំងពីរ សម្រេចបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះដោយអគ្គលេខាបក្ស ប្រធានាធិបតិចិន លោក ស៊ី ជិនពីង។

ក្នុងចំណោមឯកសារទាំង៣៦នោះ មានឯកសារចំនួន៤ លើវិស័យនយោបាយ-កិច្ចការបរទេស ដែលបានចុះហត្ថលេខារវាងគណៈកម្មាធិការបក្ស និងក្រសួងការបរទេសនៃប្រទេសទាំងពីរ, ឯកសារចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងវិស័យតុលាការ។ ឯកសារចំនួន ២៤ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ នៅរដ្ឋាភិបាល ថ្នាក់រដ្ឋមន្ត្រី និងទីភ្នាក់ងារ និងឯកសារកិច្ចសហប្រតិបត្តិការចំនួន ៤ រវាងតំបន់នៃប្រទេសទាំងពីរ។

ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការល្បាតរួមគ្នាក្នុងដែនទឹក នៃឈូងសមុទ្រតុងកឹង ខណៈដែលក្រសួងសន្តិសុខសាធារណៈទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្ម និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរមនុស្ស ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។

ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការរួមគ្នា សាងសង់ស្ពានថ្នល់ឆ្លងកាត់ទន្លេក្រហម នៅតំបន់ព្រំដែន Bat Xat, Lao Cai ប្រទេសវៀតណាម និងតំបន់ Ba Sai ខេត្ត Yunnan ប្រទេសចិន។ ក្រសួងដឹកជញ្ជូនបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ជាមួយគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិនៃប្រទេសចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវដែក ក៏ដូចជាអនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋបាលទូទៅនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិនៃប្រទេសចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ជំនួយអភិវឌ្ឍន៍ផ្លូវដែកឆ្លងកាត់ព្រំដែន។

ភាគីទាំងពីរក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ សម្រាប់ព័ត៌មានអំពីឧប្បត្តិហេតុ ដែលមិននឹកស្មានដល់ដែលកើតឡើង ពីសកម្មភាពនេសាទនៅសមុទ្រ។

មុននេះ ក្នុងកិច្ចប្រជុំនៅទីស្នាក់ការ គណៈកម្មាធិការមជ្ឈិមបក្សនាថ្ងៃនេះ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកទីបីនៅក្នុងប្រទេសវៀតណាម របស់អគ្គលេខាធិកា និងជាប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញពីសុឆន្ទៈពិសេសរបស់មេដឹកនាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top