ព័ត៌មានអន្តរជាតិ

សម័យប្រជុំសភានឹងបញ្ចប់ ខណៈនាយករដ្ឋមន្ត្រីជប៉ុន គ្រោងដករដ្ឋមន្ត្រី ដែលរងរឿងអាស្រូវជាច្រើនរូប

Kyodo

តូក្យូ៖ សម័យប្រជុំសភាវិសា មញ្ញនឹងបញ្ចប់នៅថ្ងៃពុធនេះ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានកំណត់ជំនួសរដ្ឋមន្ត្រីមួយចំនួន ដែលជាប់ពាក់ព័ន្ធក្នុងរឿង អាស្រូវរៃអង្គាសថវិកា នយោបាយនៅប៉ុន្មាន ថ្ងៃខាងមុខនេះ ។

ថ្មីៗនេះ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ ចំពេលមានការចោទប្រកាន់ថា បក្សពួកដ៏ធំបំផុតរបស់ខ្លួនបានបរាជ័យក្នុងការប្រកាសប្រាក់រាប់រយលានយ៉េន ក្នុងការរៃអង្គាសប្រាក់ពីគណបក្សនៅក្នុងរបាយការណ៍មូលនិធិនយោបាយ ដែលអាចបង្កើតមូលនិធិសម្ងាត់។

ក្នុងចំណោមអ្នក ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ដែលជាអ្នកនាំពាក្យ រដ្ឋាភិបាលកំពូល ត្រូវបានគេសង្ស័យថា មិនបានរាយការណ៍អំពីប្រាក់ចំណូលជាង ១០លានយ៉េន (៦៩,០០០ ដុល្លារ) ដែលរកបានពីព្រឹត្តិការណ៍ ដែលរៀបចំដោយក្រុមផ្ទៃក្នុងដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្ស៊ូ អាបេ ដែលត្រូវបានគេបាញ់សម្លាប់​ នេះ​បើ​តាម​ប្រភព​ស៊ើបអង្កេត។

លោក គីស៊ីដា ក៏មានគម្រោងបណ្តេញរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Yasutoshi Nishimura រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងលោក Junji Suzuki និងរដ្ឋមន្ត្រីកសិកម្មលោក Ichiro Miyashita ដែលសុទ្ធតែជាសមាជិកបក្សពួករបស់លោក អាបេ នេះបើយោងតាមប្រភពរដ្ឋាភិបាល។

នៅក្នុងក្រុមប្រតិបត្តិ LDP ប្រធានគោលនយោបាយលោក Koichi Hagiuda បានសម្រេចចិត្តចុះចេញពីតំណែង ខណៈដែលប្រធានកិច្ចការសភាលោក Tsuyoshi Takagi ក៏ទំនងជានឹងលាលែងពីមុខតំណែងផងដែរ។

រឿងអាស្រូវនៃការរៃអង្គាសថវិកាបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីពាក្យបណ្តឹងព្រហ្មទណ្ឌ ដែលចោទប្រកាន់បក្សសម្ព័ន្ធ LDP ចំនួន៥ រួមទាំងក្រុម របស់លោក គីស៊ីដា មិនបានរាយការណ៍អំពីប្រាក់ចំណូល ពីគណបក្សរៃអង្គាសថវិកានយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top