ព័ត៌មានអន្តរជាតិ

លោកបៃដិន ធ្វើជាម្ចាស់ផ្ទះក្នុងជំនួបជាមួយលោក ហ្សេឡិនស្គី នៅសេតវិមាន និងបញ្ជាក់ជាថ្មីនូវភាព ចាំបាច់​ក្នុងការអនុម័តជំនួយអ៊ុយក្រែន

Xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បៃដិន ​បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅសេតវិមានជាកន្លែងដែលលោកបានរំលឹកឡើងវិញពីតម្រូវការសម្រាប់សភា ដើម្បីអនុម័តសំណើរបស់រដ្ឋបាលរបស់លោក សម្រាប់ថវិកាបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន កម្ចាត់រុស្ស៊ី។

អង្គុយនៅការិយាល័យរាងពងក្រពើជាមួយសមភាគីអ៊ុយក្រែន ហើយនិយាយនៅចំពោះមុខអ្នកសារព័ត៌មាន លោក បៃដិន បានហៅពេលវេលានៅពេលនោះថាជា “ចំណុចបំផ្លិចបំផ្លាញពិតប្រាកដក្នុងប្រវត្តិសាស្ត្រ” ដោយបន្ថែមថា “សភាចាំបាច់ត្រូវផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន មុនពេលពួកគេសម្រាក សម្រាប់ថ្ងៃឈប់សម្រាក”។

លោកបានលើកឡើងថា សមាជិកសភានៅវិមាន Capitol Hill ដែលមិនបានយល់ព្រមលើជំនួយជាង ៦០ ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវ នឹងមានន័យថា ផ្តល់ឱ្យរុស្ស៊ីនូវ “អំណោយបុណ្យណូអែលដ៏អស្ចារ្យបំផុតមួយ” ។

ត្រូវបានស្នើឡើងនៅចុងខែតុលា ដោយលោក បៃដិន សំណើថវិកាបន្ថែមទាំងមូលនៅតែត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋទាំងនៅក្នុងព្រឹទ្ធសភា និងសភា ដោយសមាជិក GOP បានដាក់លក្ខខណ្ឌជំនួយអ៊ុយក្រែន លើអ្នកប្រជាធិបតេយ្យ ដើម្បីបំពេញតម្រូវការរបស់ពួកគេ សម្រាប់វិធានការបង្កើនសន្តិសុខព្រំដែន។​

លោក ហ្សេឡិនស្គី ក្នុងការធ្វើដំណើរលើកទីបីរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្ររបស់ខ្លួន និងបានអង្វរសម្រាប់ទំនុកចិត្តរបស់ប្រជាជនអាមេរិកថា អ៊ុយក្រែន “អាចឈ្នះ” ។

មេដឹកនាំអ៊ុយក្រែន ក៏បានឲ្យដឹងផងដែរអំពីកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងលោក និងលោក បៃដិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែកញ្ញាថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងសហការផលិតអាវុធរួមគ្នា “យើងនឹងពិភាក្សាអំពីរបៀបបង្កើនល្បឿននេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top