ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ព្រមានអ៊ីស្រាអែល អាចបាត់បង់ការគាំទ្រពីអន្តរជាតិ ប្រសិនបើបន្តយុទ្ធនាការទម្លាក់គ្រាប់បែក មិនរើសអើង នៅក្នុងតំបន់ហ្គាហ្សា

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមាននៅឯកម្មវិធីរៃអង្គាសថវិកាយុទ្ធនាការក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃអង្គារ ថា អ៊ីស្រាអែល ប្រថុយនឹងការបាត់បង់ការគាំទ្រពីអន្តរជាតិ ប្រសិនបើខ្លួនបន្តយុទ្ធនាការទម្លាក់គ្រាប់បែក “មិនរើសអើង” នៅក្នុងតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu “ផ្លាស់ប្តូររដ្ឋាភិបាលរបស់លោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានផ្តល់ការរិះគន់យ៉ាងខ្លាំងផងដែរចំពោះអ៊ីស្រាអែលរហូតមកដល់បច្ចុប្បន្ន ដោយបង្ហាញថា សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសបានប្រថុយនឹងការបាត់បង់ការគាំទ្រក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្សេងទៀតទាំងអស់ លើកលែងតែចក្រភពអង់គ្លេស (ដែលបានអនុប្បវាទ) បានព្យាយាមចេញសេចក្តីសម្រេចទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន ដែលត្រូវបានវ៉េតូដោយទីក្រុងវ៉ាស៊ីនតោន។

លោក Joe Biden បាននិយាយថា “សន្តិសុខរបស់អ៊ីស្រាអែលអាចពឹកផ្អែកលើសហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះ អ៊ីស្រាអែលមានការគាំទ្រច្រើន លើសពីសហរដ្ឋអាមេរិកទៅទៀត គឺមានសហភាពអឺរ៉ុប មានអឺរ៉ុប មានភាគច្រើននៃពិភពលោក… ប៉ុន្តែពួកគេកំពុងចាប់ផ្តើមបាត់បង់ការគាំទ្រនោះ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខដែលកើតឡើងពីសំណាក់អ៊ីស្រាអែល។

លោកបានបន្តដកស្រង់ការពិភាក្សាឯកជនជាមួយលោក Netanyahu ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រដូចជម្លោះតំបន់ហ្គាហ្សាទៅនឹងសង្គ្រាមលោកលើកទីពីរ ហើយបានសង្កេតឃើញថា “ជនស៊ីវិលជាច្រើនបានស្លាប់” នៅក្នុងការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់សម្ព័ន្ធមិត្តមួយនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top