ព័ត៌មានអន្តរជាតិ

កាសែត Wall Street Journal ៖ អ៊ីស្រាអែលកំពុង រៀបចំពន្លិចផ្លូវក្រោមដី របស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា

RT

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រ ចូលទៅក្នុងបណ្តាញផ្លូវរូងក្រោមដី របស់ក្រុមហាម៉ាស នៅក្រោមតំបន់ហ្គាហ្សា ។ មន្ត្រីអ៊ីស្រាអែលបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើប្រតិបត្តិការ ដែលត្រូវបានចោទប្រកាន់នេះ ដែលអាចបង្កគ្រោះថ្នាក់ដល់ អាយុជីវិតរបស់ចំណាប់ខ្មាំងជាង ១០០ នាក់ នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតនេះបានរាយ ការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីមន្ត្រី សហរដ្ឋអាមេរិកថា កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមពិសោធន៍ ជាមួយការពន្លិចផ្លូវរូងក្រោមដី បន្ទាប់ពីបានដឹកជញ្ជូនម៉ាស៊ីនបូមទឹកដ៏មានឥទ្ធិពល ចូលទៅក្នុងហ្គាហ្សាកាលពីខែមុន ។ របាយការណ៍បានអះអាងថា ការពន្លិចផ្លូវរូងក្រោមដីដែលមានចម្ងាយរាប់រយម៉ាយ និងលេណដ្ឋាននៅក្រោមតំបន់ហ្គាហ្សា គឺត្រូវបានគេរំពឹងថា នឹងចំណាយពេលជាច្រើនសប្តាហ៍ ។

អ្នកនាំពាក្យរបស់ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant បានបដិសេធ មិនធ្វើអត្ថាធិប្បាយ ដោយបញ្ជាក់ថា ប្រតិបត្តិការ យោធាណាមួយ ដែលពាក់ព័ន្ធនឹងផ្លូវរូងក្រោមដីត្រូវបានចាត់ថ្នាក់ជារឿងសម្ងាត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបុគ្គលិក Herzi Halevi បាននិយាយកាលពីសប្តាហ៍មុនថា ការពន្លិចបណ្តាញក្រោមដីគឺជា “គំនិតល្អ ប៉ុន្តែខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយ លើភាពជាក់លាក់របស់វាទេ” ។
ប្រែសម្រួលៈ ណៃ តុលា

To Top