ព័ត៌មានអន្តរជាតិ

បទវិភាគ៖ការពង្រឹងនិងបង្កើននិន្នាការងើបឡើងវិញនិងមានភាពល្អប្រសើរនៃសេដ្ឋកិច្ចដោយឥតឈប់ឈរដើម្បីទាក់ទាញការវិនិយោគនៅប្រទេសចិន

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ពិភពលោក ។ កិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូនេះបានកំណត់ជាក់លាក់ពី ៩ វិស័យថា តើការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយត្រូវធ្វើយ៉ាងម៉េច ។ “ប្រកាន់ខ្ជាប់នូវនីតិវិធីការងារទូទៅដែលទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព”និង”ពង្រឹងនិងបង្កើននិន្នាការងើបឡើងវិញនិងមានភាពល្អប្រសើរនៃសេដ្ឋកិច្ចដោយឥតឈប់ឈរ” ។ល។ កិច្ចប្រជុំនេះបានផ្តល់ការណែនាំដ៏ជាក់លាក់សម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយក៏បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រទេសចិនក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួនផងដែរ ។

នៅបីត្រីមាសដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយល្បឿនកំណើនគឺស្ថិតនៅលំដាប់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះប្រហែលមានចំនួនលើសពី ៣០ ភាគរយដែលនៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុតនៃសេដ្ឋកិច្ចពិភពលោកដដែល ។

ក្នុងចំណោមទិសដៅភារកិច្ចចំនួន ៩ នៃការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំក្រោយ ទីមួយគឺ “ប្រកាន់ខ្ជាប់ការជំរុញកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើបតាមរយៈការច្នៃប្រឌិតថ្មី” ។ កិច្ចប្រជុំនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវជំរុញយ៉ាងខ្លាំងក្លានូវការធ្វើឧស្សាហូបនីយកម្មបែបថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងពន្លឿនការជំរុញការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិត ។
ចាប់តាំងពីចូលឆ្នាំនេះមក មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនឆ្លងប្រទេសជាច្រើនរូប ដូចជា Tesla JP Morgan Apple និង Qualcomm ជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ ទីផ្សារទ្រង់ទ្រាយធំរបស់ចិន ។ នៅបីត្រីមាសដើមឆ្នាំនេះ អត្រារួមចំណែករបស់ការចំណាយខាងការប្រើប្រាស់ចុងក្រោយរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចបានឈានដល់ ៨៣,២ ភាគរយ ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថានធនាគារចិនកាលពីថ្ងៃទី ១២ ខែធ្នូបានប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៤ ការប្រើប្រាស់របស់ប្រទេសចិនត្រូវបានរំពឹងថា នឹងស្តារឡើងវិញជាបន្តបន្ទាប់ ហើយបន្តដើរតួនាទីជាយុថ្កាសម្រាប់លំនឹងកំណើនសេដ្ឋកិច្ច ។

នៅប៉ុន្មានថ្ងៃមុននេះ គម្រោងថ្មីស្តីពីការតភ្ជាប់ជាមួយក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់នៃតំបន់ពាណិជ្ជកម្មសេរីសៀងហៃត្រូវបានប្រកាសជាផ្លូវការដោយដាក់ចេញនូវវិធានការថ្មីសម្រាប់ការបើកទូលាយចំនួន ៨០ ចំណុចដើម្បីបង្កើតជាតំបន់គំរូបថ្នាក់ជាតិសម្រាប់ការបើកទូលាយតាមស្តង់ដារអន្តរជាតិ ។ ដោយឡែកនៅដើមខែវិច្ឆិកា ឆ្នាំនេះ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរី(ស៊ីនជាំង)ចិនបានបើកស្លាកជាផ្លូវការ ដូច្នេះ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីរបស់ចិនត្រូវបានលើកកម្ពស់កម្រិតថ្នាក់និងពង្រីកដល់ចំនួន ២២ កន្លែង។

បើមើលពីការរៀបចំចាត់ចែងនៃកិច្ចប្រជុំនេះអាចឃើញថា ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើមដល់ការតភ្ជាប់ជាមួយក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់រហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ វិធានការសម្រាប់ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់មួយចំនួនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញកិច្ចកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ។
ឆ្នាំ ២០២៤ គឺជាខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្រទេសចិនក្នុងការសម្រេចបាននូវគោលដៅនិងភារកិច្ចនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ផងដែរ ។ ទោះបីជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាខ្លះក៏ដោយ ក៏ប៉ុន្តែនិយាយជារួម កាលានុវត្តភាពច្រើនជាងបញ្ហាប្រឈម ។ ដោយចាត់ទុកកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនលើកនេះជាទីចាប់ផ្តើមថ្មី ប្រទេសចិនមានសមត្ថភាពនិងលក្ខណសម្បតិ្តក្នុងការពង្រឹងនិងបង្កើននិន្នាការងើបឡើងវិញនិងមានភាពល្អប្រសើរនៃសេដ្ឋកិច្ចដោយឥតឈប់ឈរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top