ព័ត៌មានអន្តរជាតិ

អាស៊ាន ​ទុក​ចិត្ត​ជប៉ុន ក្នុងការរក្សា​តុល្យភាព ​ទំនាក់ទំនង ​ចំពេល​មាន​ការ​កើនឡើងឥទ្ធិពល​របស់​ចិន

Kyodo

តូក្យូ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសជប៉ុន នៅទីក្រុងតូក្យូ នៅថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួបលើកទី៥០ ឆ្នាំនៃទំនាក់ទំនងបានកសាងទំនាក់ទំនងនៃការជឿទុកចិត្តជាមួយប្រទេសនេះ ហើយជាទូទៅស្វាគមន៍ថា ខ្លួននឹងដើរតួនាទីសន្តិសុខកាន់តែធំនៅក្នុងតំបន់ ចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន​ នៅសមុទ្រចិនខាងត្បូង។

អ្នកជំនាញបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ សមាជិកអាស៊ាន កំពុងស្វែងរកតុល្យភាពដ៏ល្អនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយជប៉ុន និងចិន ដោយគិតគូរពីឥទ្ធិពលសេដ្ឋកិច្ចកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលកំពុងឃ្លាំមើលការប្រកួតប្រជែង សម្រាប់ឥទ្ធិពលក្នុងតំបន់រវាងចិន និងសហរដ្ឋអាមេរិក។

លោក Bilahari Kausikan អតីតលេខាធិការ អចិន្ត្រៃយ៍ របស់ប្រទេសជប៉ុន បានឲ្យដឹងថា ការជឿទុកចិត្តគ្នារវាងអាស៊ាន និងជប៉ុន ត្រូវបានដាំដុះតាំង ពីយូរយារណាស់ មកហើយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតូក្យូ ក្នុងការលើកកម្ពស់ទំនាក់ ទំនងមិត្តភាពជាមួយប្រជាជនក្នុងតំបន់ ជាពិសេសចាប់តាំងពីឆ្នាំ១៩៧៧ នៅពេល ដែលនាយករដ្ឋមន្ត្រីជប៉ុនលោក​ តាកែវ ហ្វូគូដា បានប្រកាសពីគោលការណ៍នៃការ ទូតអាស៊ានរបស់ជប៉ុន។ ​

គោលការណ៍ដែលហៅថា Fukuda Doctrine ត្រូវបានបញ្ជាក់ដោយ លោក ហ្វូគូដា ក្នុងអំឡុងសុន្ទរកថា នៅប្រទេសហ្វីលីពីន ដែលជាផ្នែកមួយនៃដំណើរទេសចរណ៍អាស៊ាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ហ្វូគូដាបានសន្យាថាប្រទេសជប៉ុន ដែលបានកាន់កាប់ប្រទេសអាស៊ីជាច្រើនក្នុងអំឡុងសង្គ្រាមលោកលើកទី២ នឹងមិនក្លាយជាមហាអំណាច យោធាម្តងទៀតឡើយ ហើយនឹងស្វែងរកទំនាក់ទំនង “ពីបេះដូងទៅបេះដូង” ដោយសន្យាថា នឹងបង្កើតភាពជាដៃគូស្មើភាព ជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍។

លោក Bilahari បានបន្ដថា ” ប្រទេសជប៉ុន គឺជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់អាស៊ាន ហើយបរិយាកាសយុទ្ធសាស្ត្រ បច្ចុប្បន្នផ្តល់ឱ្យកិច្ចប្រជុំកំពូលនូវសារៈសំខាន់ ពិសេស” ដោយបន្ថែមថា ប្រទេសជប៉ុនបានរក្សាវិធីសាស្រ្តជាប់លាប់ ចំពោះតំបន់ទាក់ទងនឹងផលប្រយោជន៍ សេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top