ព័ត៌មានអន្តរជាតិ

ជប៉ុន អង់គ្លេស និងអ៊ីតាលី ព្រមព្រៀងគ្នាបង្កើតអង្គភាព ទំនាក់ទំនងផែនការយន្តហោះចម្បាំង

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាបង្កើតស្ថាប័ន សម្របសម្រួលមួយ ដើម្បីដំណើរការផែនការរបស់ពួកគេ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ដែលជាជំហានសំខាន់មួយ ក្នុងការដាក់ឱ្យអនុវត្តគម្រោងនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara និងសមភាគីអង់គ្លេស និងអ៊ីតាលី លោក Grant Shapps និង Guido Crosetto បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ខណៈដែលពួកគេបានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ដើម្បីបញ្ជាក់ឡើងវិញនូវកាលវិភាគសម្រាប់ការ ដាក់ពង្រាយយន្តហោះចម្បាំងនៅឆ្នាំ២០៣៥។

គម្រោងយន្តហោះចម្បាំង Global Combat Air Program ត្រូវបានបង្ហាញកាលពីខែធ្នូឆ្នាំមុន ខណៈដែលប្រទេសទាំង៣ ប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែខ្លាំងឡើង រួមទាំងការឈ្លានពានបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំមុន។

កម្មវិធីនេះក៏ជាការកត់សម្គាល់ផងដែរ នូវកិច្ចព្រមព្រៀងអភិវឌ្ឍន៍ឧបករណ៍ការពាររួមគ្នា លើកដំបូងរបស់ប្រទេសជប៉ុន ជាមួយប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខជិតស្និទ្ធរបស់ទីក្រុងតូក្យូ ចំពេលមានការកើនឡើងនៃកម្លាំងយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Kihara បានប្រាប់សារព័ត៌មានត្រីភាគីរួមគ្នាថា អង្គការថ្មីដែលមានឈ្មោះថា “GCAP International Government Organisation” នឹងមានទីស្នាក់ការនៅចក្រភពអង់គ្លេស ដោយមានជនជាតិជប៉ុន ទទួលបន្ទុកជាអ្នកដឹកនាំដំបូង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top