យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យភាគីស៊ូដង់ខាងត្បូង បង្កើតលក្ខខណ្ឌសម្រាប់ ការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រទេសស៊ូដង់ខាងត្បូងបានបោះជំហានសំខាន់ៗ ជាបន្តបន្ទាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តារឡើងវិញ ការអនុម័តច្បាប់បោះឆ្នោត និងការរៀបចំស្ថាប័នរដ្ឋឡើងវិញ។ លោក Dai Bing តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២៤ គឺមានសារៈសំខាន់ ចំពោះការអភិវឌ្ឍន៍ និងស្ថិរភាពជាតិរបស់ខ្លួន។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ប្រទេសចិន អំពាវនាវឱ្យភាគីទាំងអស់ នៅស៊ូដង់ខាងត្បូង ដាក់ផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ខ្លួនជាមុន ហើយដោះស្រាយភាពខុសគ្នា តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដល់ការរៀបចំការបោះឆ្នោតទូទៅ” ។
លោកបានបន្ថែមថា ប្រទេសចិន គាំទ្របេសកកម្មរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង រួមជាមួយនឹងសហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍ ក្នុងការបន្តគាំទ្រដំណើរការនយោបាយ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ការអភិវឌ្ឍន៍ដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរនៅជុំវិញប្រទេសស៊ូដង់ខាងត្បូង សហគមន៍អន្តរជាតិ គួរតែយល់យ៉ាងពេញលេញ និងគោរពលក្ខខណ្ឌជាតិ និងស្ថានភាពបច្ចុប្បន្នរបស់ស៊ូដង់ខាងត្បូង មានភាពអត់ធ្មត់ក្នុងដំណើរការ នយោបាយក្នុងប្រទេស គោរពអធិបតេយ្យភាព និងភាពជាម្ចាស់នៃប្រទេស និងជៀសវាងដំណោះស្រាយ ដែលដាក់ពីខាងក្រៅ។
ការហាមឃាត់អាវុធ ដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខ បានជះឥទ្ធិពលអវិជ្ជមានដល់ការ កសាងសមត្ថភាពសន្តិសុខរបស់ប្រទេសស៊ូដង់ខាងត្បូង អស់រយៈពេលជាយូរមកហើយ។ លោកបានលើកឡើងថា ចាំបាច់ត្រូវឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រទេសស៊ូដង់ខាងត្បូង និងបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ដើម្បីឲ្យក្រុមប្រឹក្សាដកទណ្ឌកម្មនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ឈូក បូរ៉ា