ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា មួយរូបអះអាងថា អាមេរិកត្រូវការយន្តហោះ ទម្លាក់គ្រាប់បែកបំបាំងកាយ B-21 ជាង ១០០ គ្រឿង ដើម្បីរារាំងទាំងរុស្ស៊ី និងចិន

បរទេស៖ សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ South Dakota របស់សហរដ្ឋអាមេរិក គឺលោក Mike Rounds បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅទីបំផុតសហរដ្ឋអាមេរិកនឹងត្រូវការ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 ជំនាន់ក្រោយជាង ១០០ គ្រឿង ដើម្បីរារាំងទាំងរុស្ស៊ី និងចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Mike Rounds នៅក្នុងសុន្ទរកថារបស់វិទ្យាស្ថាន Hudsonថា “ថ្ងៃនេះ យើងកំពុងនិយាយអំពីការទិញយន្តហោះ ទម្លាក់គ្រាប់បែកបំបាំងកាយ B-21 ចំនួន ១០០ គ្រឿង នោះគ្រាន់តែជាការបង់រំលស់ប៉ុណ្ណោះ។ វាគ្មានវិធីណាដែលយើង អាចមើលទៅលើបញ្ហាប្រឈម ឬយ៉ាងហោចណាស់អាចរារាំងទាំងរុស្ស៊ី និងចិនបានឡើយ លុះត្រាតែយើងបង្កើនចំនួន B-21 ឱ្យបានច្រើន។

លោកបានកត់សម្គាល់ថា យន្តហោះ B-21 អាចត្រូវបានចាក់ប្រេងបន្ថែម បូករួមទាំងយន្តហោះទម្លាក់គ្រាប់បែក អាចហោះឡោមព័ទ្ធក្នុងតំបន់ និងផ្ទុកអាវុធនុយក្លេអ៊ែរ និងធម្មតា ខណៈពេលដែលមានសមត្ថភាពរយៈចម្ងាយឆ្ងាយ ដែលជាលក្ខណៈសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធជាមួយគូប្រជែង “ជិតមិត្ត” នៅបញ្ជាការប៉ាស៊ីហ្វិក។

សមាជិកព្រឹទ្ធសភារបស់អាមេរិករូបនេះបានបន្ថែមថា បច្ចុប្បន្នរុស្ស៊ី និងចិនមិនមានសមត្ថភាពការពារប្រឆាំងនឹង B-21 ទេ។ លោក Rounds បានបន្ថែមថា សហរដ្ឋអាមេរិកចង់បានសន្តិភាព ប៉ុន្តែដើម្បីសម្រេចបានវា ត្រូវការ B-21 ជា “ញញួរ” សម្រាប់រារាំង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top