ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សេដ្ឋកិច្ចចិន នៅតែមានភាពធន់ ដ៏ខ្លាំងក្លាដដែល

“ព័ត៌មាន ដែលព្យាករណ៍ថា សេដ្ឋកិច្ច នៃប្រទេសចិន មានភាពច្របូកច្របល់ ដោយឈរលើការប៉ាន់ ប្រមាណ ដែលគ្មានទីសំអាងអ្វីសោះ គឺមានគំនិត លម្អៀង ខាងមនោគមវិជ្ជានិងឃោសនា ។ ” ពេលថ្មីៗកន្លងទៅនេះ វេបសាយកាសែត 《Rebelion》 របស់ប្រទេស អេស្ប៉ាញ បានចុះផ្សាយអត្ថបទថា គួរតែធ្វើការវិភាគយ៉ាងសត្យានុម័ត ចំពោះបំណុលសកល និង ទិន្នន័យប្រៀបធៀប នៃតុល្យភាពហិរញ្ញវត្ថុរបស់ប្រទេសនានា ព្រមនិងបរិមាណសន្សំ មូលធនហិរញ្ញវត្ថុ ដ៏ច្រើនសន្ធឹក របស់រដ្ឋាភិបាលចិន ។

នៅឆ្នាំ២០២៣ សេដ្ឋកិច្ចចិនទទួលបានស្នាដៃដ៏ពិតប្រាកដ ប៉ុន្តែមជ្ឈដ្ឋានមតិខាងក្រៅ នៅតែមានសំឡេងទុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចចិនដដែល ។ បើមើលពីចំណុចដែលប្រព័ន្ធ សារព័ត៌មានបរទេសប្រកានកាន់ទុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចចិនក្នុងមួយខែៗ អាចឃើញថា សឹងតែសន្ទស្សន៍ប្រែប្រួល រយៈពេលខ្លីណាមួយសុទ្ធតែជាទីសំអាង សម្រាប់ឱ្យពួកគេប្រកានកាន់ទុទិដ្ឋិនិយម ។ ប៉ុន្តែតាមការពិត សន្ទស្សន៍ជាច្រើន បានឈានទៅកាន់ភាព នឹងនរជាសន្សឹមៗបន្ទាប់ពីប្រែប្រួល ក្នុងរយៈពេលខ្លី ។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិស័យគន្លឹះជាច្រើនបាននិង កំពុងកើតមានបម្រែបម្រួល ៖ តាមរបាយការណ៍ ដែលអង្គការមានឥទ្ធានុភាព បានចេញផ្សាយឱ្យដឹងថា នៅឆ្នាំ២០២៣នេះ សន្ទស្សន៍ច្នៃប្រឌិតថ្មី របស់ចិន បានកើនឡើងចំណាត់ថ្នាក់៣ជាប់ៗគ្នា បានក្លាយជាប្រទេស កំពុងអភិវឌ្ឍន៍តែមួយគត់ ដែលឈរនៅលំដាប់ ១០លេខខាងមុខ ។ សន្ទស្សន៍បើកទូលាយរបស់ចិន បានកើនឡើងពី០,៧១០៧ នៅឆ្នាំ២០១២ដល់០,៧៥១៧ ។ ក្រុមហ៊ុនឈានមុខដូចជាក្រុមហ៊ុន Yum និង Apple ជាដើមសុទ្ធតែបង្កើតកំណត់ត្រាថ្មី ខាងសន្ទស្សន៍សមិទ្ធិផល នៅទីផ្សារចិន ក្នុង៣ត្រីមាសដើមឆ្នាំនេះ។ល។ បម្រែបម្រួលបែបនេះ បាននិងកំពុងតបតវិញ ចំពោះសំឡេងទុទិដ្ឋិនិយម ពីខាងក្រៅចំពោះសេដ្ឋកិច្ចចិន ។

ពេលថ្មីៗកន្លងទៅនេះ អង្គការអន្តរជាតិ និងស្ថាប័នពាណិជ្ជកម្មអន្តរជាតិ ជាច្រើនបានដំឡើងការប៉ាន់ ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិន ដែលបានបោះឆ្នោត “សំឡេងគាំទ្រ”ចំពោះសេដ្ឋកិច្ចចិន ។ ពោលគឺក្រុមហ៊ុន JP Morgan បានដំឡើង ពី៥ភាគរយដល់៥,២ភាគរយ ក្រុមហ៊ុន Morgan Stanley បានដំឡើងពី៤,៨ភាគរយដល់៥,១ភាគរយ ក្រុមហ៊ុន Citi បានដំឡើងពី៥ភាគរយដល់៥,៣ភាគរយ ហើយធនាគារ Deutsche បានដំឡើងពី៥,១ភាគរយដល់៥,២ ភាគរយ ។ ការកែសម្រួលទាំងនេះ សុទ្ធតែសំដៅទៅរកការពិតមួយគឺ និន្នាការវិជ្ជមាន នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចចិនបានលើសពីការប៉ាន់ប្រមាណ របស់សហគមន៍អន្តរជាតិ នៅពេលមុននេះ ។

នៅ៣ត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃផលិតផល ក្នុងស្រុកសរុបរបស់ចិនបានឡើងដល់៥,២ភាគរយ ដែលបានតាំងមូលដ្ឋាន ដ៏រឹងមាំ សម្រាប់សម្រេច បាននូវគោលដៅ ប៉ាន់ប្រមាណប្រហែល៥ភាគរយពេញមួយឆ្នាំ ។ សេដ្ឋកិច្ចចិនមិនត្រឹមតែបានរក្សានិន្នាការកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏បានលើក កម្ពស់គុណ ភាពកំណើនផងដែរ ។ នៅ៣ត្រីមាសដើមឆ្នាំនេះ ការវិនិយោគលើឧស្សាហកម្មបច្ចេកទេសខ្ពស់ របស់ចិនបានកើនឡើង១១,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន ចំនួននាំចេញរថយន្តអគ្គិសនី ថ្មពិល Lithium និងផលិតផលថ្ម ថាមពលព្រះអាទិត្យបានកើនឡើង ៤១,៧ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃមុខរបរសេវាកម្ម បានកើនឡើង៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន អត្រារួមចំណែកដល់កំណើន សេដ្ឋកិច្ចបានឡើងដល់៦៣ភាគរយ ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុង សង្គម បានកើនឡើង៦,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន ហើយទំហំលក់រាយ នៃមុខរបរសេវាកម្ម បានកើនឡើង ១៨,៩ភាគរយ ។ ទិន្នន័យមួយ ចំនួនបានបង្ហាញថា តម្រូវការដ៏មានប្រសិទ្ធភាព បានងើបឡើងវិញលឿនបង្គួរ ហើយរចនាសម្ព័ន្ធឧស្សាហកម្ម ក៏មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ។

ការបើកទូលាយ ជាសញ្ញាដ៏លេចធ្លោ របស់ប្រទេសចិន នាពេលបច្ចុប្បន្ន ការជំរុញកំណែ ទម្រង់និងជំរុញ ការអភិវឌ្ឍតាមរយៈការ បើកទូលាយជា មធ្យោបាយដ៏សំខាន់ សម្រាប់ឱ្យការ កសាងទំនើបកម្ម តាមបែបផែនចិន ទទួលបានសមិទ្ធផលថ្មី ។ ឆ្នាំ២០២៣ជាខួបទី៤៥ នៃការអនុវត្តកំណែទម្រង់ និងការបើកទូលាយរបស់ចិន ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីសម្ពោធបើក នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ និងជាវេទិកាសេដ្ឋកិច្ចអន្តរជាតិ ក្រុង Hongqiao ថា ចិននឹងបន្តជំរុញការបើកទូលាយដែលមាន “ឱកាសទីផ្សារកាន់តែធំ” “ការតភ្ជាប់ការកំណត់កាន់ តែល្អប្រសើរ” និង“មានបរិយាប័ន្ននិង ការចែករំលែកកាន់តែខ្លាំងក្លា” ។

“សេដ្ឋកិច្ចចិនជាមហាសមុទ្រ មិនមែនជាស្រះតូចមួយទេ ។” រំលឹកឡើងវិញ ពីដំណើរអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចចិនអាចឃើញថា ភ្លៀងព្យុះសង្ឈរាជារឿងធម្មតា ។ សេដ្ឋកិច្ចចិននឹង មានភាពកាន់តែរឹងមាំបន្ទាប់ពីពុះពារឧបសគ្គម្ដងហើយម្ដងទៀត សេដ្ឋកិច្ចចិន នៅតែមានភាពធន់ដ៏ខ្លាំងក្លាដដែល ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top