ដូហា ៖ ប្រទេសកាតា បានបង្ហាញសំណើថ្មី ដើម្បីបន្តកិច្ចព្រមព្រៀង ចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) ដើម្បីជួយសម្រួល ដល់បទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ប្រភពបានឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា គណៈប្រតិភូជាន់ខ្ពស់កាតា បាននឹងកំពុងពិភាក្សា លើសំណើជាមួយមន្ត្រីអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំ ដែលមិនប្រកាស ដែលបានធ្វើឡើង នៅប្រទេសន័រវេស ចាប់តាំងពីថ្ងៃសៅរ៍មក ដោយកត់សម្គាល់ថា កិច្ចពិភាក្សានេះ គឺ “ការរុករក” ។
ប្រភពបានបន្ដថា “នៅក្នុងការសម្របសម្រួល ជាមួយអេហ្ស៊ីប កាតាកំពុងស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង ដោះដូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងគោលបំណងឈាន ដល់ការយល់ដឹងថ្មី សម្រាប់បទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា” ។
ប្រភពបានបន្ថែមថា កិច្ចពិភាក្សា បានប៉ះលើការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅសេសសល់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ជាថ្នូរនឹងបទឈប់បាញ់មនុស្សធម៌ ជាច្រើនថ្ងៃនៅតំបន់ហ្គាហ្សា ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីន ពីអ៊ីស្រាអែល។
យោងតាមប្រភពបានឱ្យដឹងថា ប្រទេសកាតាកំពុងស្វែង រកការដោះ លែងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ៣នាក់ជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីន ជាច្រើននាក់ ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារអ៊ីស្រាអែល។
កិច្ចខិតខំប្រឹងប្រែងការទូតថ្មី របស់កាតាបានកើតឡើង បន្ទាប់ពីទាហានអ៊ីស្រាអែល ៣នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ត្រូវបានសម្លាប់ដោយក្លែងក្លាយ ដោយកងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ។
ឧបទ្ទវហេតុដែលមិន ធ្លាប់មានពីមុនមកបានបង្ក ឱ្យមានភាពចម្រូងចម្រាស ក្នុងចំណោមប្រជាជន អ៊ីស្រាអែល និងនាំឱ្យមានសម្ពាធកាន់តែខ្លាំងឡើង លើរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យដោះលែងចំណាប់ខ្មាំង ដែលនៅសល់ចំនួន ១២៩ នាក់ទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា