បរទេស៖ មនុស្សរាប់រយនាក់បានរងរបួស និងស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យប្រទេសចិន មួយនាទីមុនពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃចន្ទ , នេះបើយោងតាមមជ្ឈមណ្ឌល បណ្តាញរញ្ជួយដីរបស់ប្រទេសចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅក្នុងខេត្ត Gansu ភ្នំរបស់ប្រទេសចិន ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១០០ នាក់បានស្លាប់ ខណៈដែលខេត្ត Qinghai ដែលនៅជិតខាងបានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងតិច ១១ នាក់ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការរញ្ជួយដ៏ខ្លាំងនេះបានធ្វើឱ្យខូចខាតផ្ទះរាប់ពាន់ខ្នង ព្រមទាំងផ្លូវថ្នល់ បណ្តាញទឹក និងបណ្តាញអគ្គិសនី។
អាជ្ញាធរបានបញ្ជូនរថយន្តសង្គ្រោះរាប់សិបគ្រឿង និងបុគ្គលិកសង្គ្រោះរាប់រយនាក់ ទៅជួយជនរងគ្រោះ និងដោះស្រាយក្រោយការរញ្ជួយដីនេះ។ គិតត្រឹមម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃអង្គារនេះ ចំនួនអ្នកព្យាបាលរបួសផ្សេងៗបានកើនឡើងដល់ ៣០០ នាក់, នេះបើយោងតាមកាសែត Global Times ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ, ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឱ្យមាន “កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះទាំងអស់” ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ៕
ប្រែសម្រួលៈ ណៃ តុលា