ព័ត៌មានអន្តរជាតិ

៤៥ ឆ្នាំ នៃការអនុវត្ត គោលនយោបាយ កំណែទម្រង់និងបើកចំហ ប្រទេសចិន តភ្ជាប់ជាមួយពិភពលោក យ៉ាងស្អិតល្មួត

ខែធ្នូឆ្នាំ ១៩៧៨ ប្រទេសចិន បានដាក់ចេញ នូវគោលនយោបាយដ៏សំខាន់បំផុតមួយ ដែលប្រកប ដោយអត្ថន័យ ដ៏ជ្រាលជ្រៅ ចំពោះការកែប្រែ ជោគវាសនា របស់ប្រទេសជាតិ គឺគោលនយោបាយ «កំណែទម្រង់និងបើកចំហ» ។ វាជារបត់ប្រវត្ថិសាស្ត្រ ដ៏អស្ចារ្យដែលដឹកនាំនាវាយក្ស នៃប្រទេសចិនឱ្យឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព និងនាំឱ្យប្រទេសចិន តភ្ជាប់ជាមួយពិភពលោកជាថ្មីឡើងវិញ ។

៤៥ ឆ្នាំមុន ប្រទេសចិន កង្វះខាតសម្ភារៈយ៉ាងខ្លាំង ការផ្គត់ផ្គង់ស្បៀងនិងទំនិញធ្វើឡើងយ៉ាងត្បិតត្បៀត ពោលគឺចែកតាមរបប ដោយមិនអាចទិញ តាមចិត្តនោះទេ គ្រួសារនីមួយៗមានរបបរៀងៗខ្លួន ។ ឯបច្ចុប្បន្ន ទាំងស្បៀងនិងសម្ភារៈគ្រប់បែបយ៉ាង ទាំងផលិតក្នុងស្រុកនិងនាំចូលពីបរទេស មាននៅពាសទឹកពាសដី ប្រជាពលរដ្ឋអាចរកទិញបានតាមចិត្ត ។ ភាពសម្បូរសប្បាយក្រោមគោលនយោបាយកំណែទម្រង់និងបើកចំហ បានលើកមុខលើកមាត់ប្រទេសចិន ឱ្យមានឋានៈខ្ពស់លើឆាក អន្តរជាតិ ដែលប្រកបដោយឥទ្ធិពលនិង សមត្ថភាពខ្ពស់ក្នុងការជួយ សម្របសម្រួលនិងដោះស្រាយ បញ្ហាអន្តរជាតិសំខាន់ៗ ។

៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនដែលប្រកាន់យកមាគ៌ា អភិវឌ្ឍន៍ដោយសន្តិភាព និងគោលនយោបាយកំណែ ទម្រង់និងបើកចំហបានជំរុញ ឱ្យប្រទេសជាតិតភ្ជាប់ ដោយមេត្រីភាពជាមួយបណ្តា ប្រទេសលើពិភពលោក ។ សក្តានុពលទីផ្សារដ៏ធំធេង របស់ចិនបានផ្តល់កាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើគ្រប់វិស័យ ហើយកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះមិនត្រឹមតែបានពង្រឹង និងពង្រីកទំនាក់ ទំនងទ្វេភាគី និងពហុភាគីរវាងប្រទេសចិន និងប្រទេសជាមិត្តប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវផល ប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនចិននិងប្រជាជន នៃប្រទេសនានាផងដែរ ។

៤៥ ឆ្នាំកន្លងមកនេះ គោលនយោបាយកំណែទម្រង់និងបើកចំហបានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២២ GDP របស់ចិនមានដល់ទៅជាង ១២១ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបាន ក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកនិង ជាប្រទេសដែលផ្តល់ជំនួយ ច្រើនបំផុតដល់ប្រទេស កំពុងអភិវឌ្ឍន៍ដទៃទៀត ។

៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិន បានក្លាយពីប្រទេសមួយក្នុង ចំណោមប្រទេសដែលមានចំនួន ជនក្រីក្រច្រើនបំផុតលើពិភពលោក ទៅជាប្រទេសទីមួយ លើពិភពលោក ដែលប្រជាជនក្រីក្រ ទូទាំងប្រទេស បានចាកចេញ ពីភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះ ត្រូវបានកត់ត្រា ក្នុងទំព័រប្រវត្តិសាស្ត្រ នៃមនុស្សជាតិ ហើយបទពិសោធនិង គោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិ ជាច្រើនលើក ដើម្បីចែករំលែកជាមួយប្រទេសនានា ។

៤៥ ឆ្នាំកន្លងមកនេះ បច្ចេកវិទ្យារបស់ចិន មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានបោះជំហានពីការអភិវឌ្ឍទៅកាន់ការច្នៃប្រឌិតថ្មី ។ សម្ភារៈទំនើបៗ រាប់មិនអស់ក្នុងជីវភាពប្រចាំថ្ងៃ បានកើតចេញពីសមិទ្ធផល នៃការស្រាវជ្រាវ និងអភិវឌ្ឍខាងបច្ចេកវិទ្យារបស់ចិន ពិសេសនាវាមុជទឹកផ្ទុកមនុស្ស ដែលអាចមុជចូលជម្រៅទឹក សមុទ្របានជាង ១ ម៉ឺនម៉ែត្រ , នាវាផ្ទុកយន្តហោះ , នាវាអាចបំបែកផ្ទាំងទឹកកក សម្រាប់ការសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រ នៅប៉ូលខាងជើង , យន្តហោះខ្នាតយក្សC919 , ផ្កាយរណបគ្រប់ប្រភេទ ដែលបម្រើការលើគ្រប់វិស័យ , យានអវកាសរុករក ភពព្រះចន្ទនិងព្រះអង្គារ , យានអវកាសផ្ទុកមនុស្ស , ស្ថានីយអវកាស ។ល។ សមិទ្ធផលខាងវិទ្យាសាស្ត្រទាំងនេះ បានកើតចេញពីការបើកទូលាយរបស់ចិន ដែលបានរៀនសូត្របទពិសោធល្អៗ ពីបរទេសផងគួបផ្សំជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ខ្លួនផង ។

៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយពីអ្នកដែលខិតខំអភិវឌ្ឍខ្លួនឯង ទៅជាអ្នកដែលរួមចំណែកដ៏សំខាន់បំផុត នៃការអភិវឌ្ឍ សន្តិភាព ស្ថិរភាពនិងវិបុលភាពពិភពលោក ។ បន្ទាប់ពីទទួលបានសមិទ្ធផល អភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់ ប្រទេសចិន បានចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍ របស់ខ្លួន ជាមួយពិភពលោកនិងផ្តល់ជំនួយ ដល់ប្រទេសដែលមានតម្រូវការ ។ តាមរយៈគំនិតផ្តួចផ្តើមមានលក្ខណៈសកលជាច្រើន រួមមានគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» , គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល , គំនិតផ្តួចផ្តើមអរិយធម៌សកល , និងគំនិតផ្តួចផ្តើមស្តីពីការកសាង សហគមន៍រួមជោគវាសនា របស់មនុស្សជាតិជាដើម ដែលជាពុទ្ធិនិងជា«ផែនការចិន» សម្រាប់ជាគំនិតពិចារណា ក្នុងការដោះស្រាយបញ្ហាសកល និងជំរុញការអភិវឌ្ឍ និងវិបុលភាពរួម ។
មានកំណែទម្រង់ បរិវត្តកម្ម នវានុវត្តន៍និងបរិយាបន្ន ទើបមានការអភិវឌ្ឍនិងអាចដើរទាន់ចរន្តនៃយុគសម័យ អាស្រ័យហេតុនេះ ទើបប្រទេសចិនអាចទទួល បានសមិទ្ធផលកសាងនិងអភិវឌ្ឍន៍ជាតិដ៏ធំធេងនាពេលកន្លងមកនេះ ។ ថ្នាក់ដឹកនាំចិនបានលើកឡើងថា ៖ «ទ្វារបើកចំហរបស់ចិននឹងមិនបិទជាដរាប ពោលមានតែកាន់តែបើក កាន់តែធំ ជាពិសេសនឹងធ្វើការអភិវឌ្ឍ តាមរយៈការបើកចំហក្នុងកម្រិតខ្ពស់ចំពោះបរទេស ។» ជាក់ស្តែង ការអភិវឌ្ឍរបស់ចិន បានផ្តល់ជាកម្លាំងចលករនិងកាលានុវត្តភាពជាច្រើនចំពោះពិភពលោក តាមរយៈការបើកចំហចំពោះបរទេស យើងអាចជឿជាក់បានថា ប្រទេសចិននឹងនាំ មកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនពិភពលោក ដើម្បីសម្រេចការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិនៅទីបំផុត ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top