គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារថា “គ្មាននរណាម្នាក់ដឹង” ថាពេលណាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបញ្ចប់នោះទេ ។
លោក Zelensky បានប្រាប់ដល់សន្និសីទសារព័ត៌មានដែលបានផ្សាយផ្ទាល់ដោយទូរទស្សន៍សាធារណៈរបស់ប្រទេសអ៊ុយក្រែន ឈ្មោះ Suspilne ថា “ខ្ញុំគិតថា គ្មាននរណាម្នាក់ដឹងចម្លើយនោះទេ ។ សូម្បីតែមនុស្សជាទីគោរព មេបញ្ជាការរបស់យើង និងដៃគូលោកខាងលិចរបស់យើង ដែលបានថ្លែងថា សង្រ្គាមនឹងមានរយៈពេលជាច្រើនឆ្នាំ ពួកគេមិនដឹងទេ” ។
តាមរយៈការធ្វើអត្ថាធិប្បាយលើសមិទ្ធិផលរបស់អ៊ុយក្រែនក្នុងជម្លោះក្នុងឆ្នាំ២០២៣ លោក Zelensky បានថ្លែងថា អ៊ុយក្រែនទទួលបាន “ជ័យជម្នះដ៏សំខាន់” នៅដែនសមុទ្រខ្មៅ ។
លោក Zelensky បានថ្លែងថា “នៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្រៅប្រទេស អ្នករាល់គ្នាអាចដឹងថា កងនាវារុស្ស៊ីត្រូវបានដកហូតការគ្រប់គ្រងទាំងស្រុងរបស់ពួកគេនៅក្នុងដែលសមុទ្រខ្មៅអ៊ុយក្រែន” ដោយបានលើកឡើងដោយទទូចថា រុស្ស៊ី “មិនទាន់សម្រេចបាននូវគោលដៅណាមួយរបស់ខ្លួនឡើយ” នៅក្នុងឆ្នាំនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា