បរទេស ៖ សារព័ត៌មាន Axios និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ជាច្រើនបានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយលើកឡើងប្រភពពីមន្ត្រី និងអ្នកដែលដឹងអំពីការចរចា ដែលកំពុងបន្តថា ប្រទេស អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា របស់ខ្លួនក្នុងរយៈពេលខ្លីនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាម Channel 12 របស់អ៊ីស្រាអែល បានឱ្យដឹងថា សំណើនេះត្រូវបានបញ្ជូន តាមរយៈអ្នកសម្រុះសម្រួលគឺកាតា ហើយត្រូវបានគេរាយការណ៍ថា នឹងមានបទឈប់បាញ់រយៈពេល ៧ ថ្ងៃជាថ្នូរនឹងការ ដោះលែងស្ត្រី ចាស់ជរា និងអ្នកជំងឺរហូតដល់ ៤០ នាក់ ។ ក្រុមហាម៉ាសបានស្នើសុំឱ្យបញ្ឈប់អរិភាពទាំងស្រុង ប៉ុន្តែយោងតាមការផ្សាយ គឺថា ការទាមទារនេះគឺមិនអាចទទួលយកបានចំពោះថ្នាក់ដឹកនាំ អ៊ីស្រាអែល ដែលបានប្តេជ្ញាបន្តសង្រ្គាម រហូតដល់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនត្រូវបានអព្យាក្រឹត ។
ជនជាតិអ៊ីស្រាអែល និងជនបរទេសចំនួន ១២៨ នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ៨ នាក់ ត្រូវបានគេជឿថាត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំងនៅតំបន់ ហ្គាហ្សា។ អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់វិធីសាស្រ្ត “បត់បែន” ចំពោះចំនួនថ្ងៃឈប់បាញ់ និងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលអាចនឹងដោះលែង។
នៅក្នុងបទឈប់បាញ់រយៈពេល មួយសប្តាហ៍កាលពីខែមុន ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងចំនួន ១០៥ នាក់ជាថ្នូរនឹងការដោះលែង ជនជាតិប៉ាឡេស្ទីនចំនួន ២៤០ នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ ទោះជាយ៉ាងណា ការចរចាបានបរាជ័យ ហើយសង្គ្រាមបានចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១ ខែធ្នូ៕
ប្រែសម្រួលៈ ណៃ តុលា