ម៉ូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិ ដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែត នាពេលថ្មីៗនេះ នឹងផ្តល់ឱ្យក្រុងវ៉ាស៊ីនតោន គ្រប់គ្រងលើអឺរ៉ុបខាងជើង។
លោកស្រី Zakharova បានឲ្យដឹងថា “ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន នឹងមានការគ្រប់គ្រងយ៉ាងសំខាន់ នៅក្នុងតំបន់ ។ ណាតូ កំពុងចូលរួមក្នុងការអភិវឌ្ឍន៍ យោធាយ៉ាងឆាប់រហ័ស នៃទឹកដីនៃប្រទេសទាំងពីរ ទោះបីជាប្រទេសស៊ុយអែត មិនទាន់បានចូលរួមជាមួយសម្ព័ន្ធភាព ក៏ដោយ” ។
សហរដ្ឋអាមេរិក និងហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិកាលពីថ្ងៃចន្ទ ដោយបង្កើន កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដោយកាតព្វកិច្ច ទីក្រុងហេលស៊ីនគី បើកមូលដ្ឋានយោធារបស់ខ្លួន ដល់កងកម្លាំង សហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យយោធាទាំងពីរ ធ្វើការហ្វឹកហ្វឺនរួមគ្នា ក្នុងចំណោមវិធានការផ្សេងទៀត។
សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារជាតិ ជាមួយស៊ុយអែត កាលពីដើមខែធ្នូ ហើយនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយប្រទេសដាណឺម៉ាក នៅចុងសប្តាហ៍នេះ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ។
លោកស្រី Zakharova បានកត់សម្គាល់ថា ឥឡូវនេះសហរដ្ឋអាមេរិក នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ ជាអតិបរមាទៅកាន់កន្លែងយោធា នៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត ហើយនឹងអាចប្រើប្រាស់ឧបករណ៍ទាំងនេះ សម្រាប់គោលបំណងផ្ទាល់ខ្លួន។
លោកស្រីបានបញ្ជាក់បន្ថែមថា “យើងសូមព្រមានថា យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិរបស់យើង”៕
ប្រែសម្រួល ឈូក បូរ៉ា