យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា អ៊ីស្រាអែល “នឹងប្រយុទ្ធរហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់” ទោះបីជាមានការខិតខំប្រឹងប្រែងជាថ្មី ចំពោះកិច្ចព្រមព្រៀងផ្លាស់ប្តូរថ្មីរវាងភាគីជម្លោះទាំងពីរក៏ដោយ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអ៊ីស្រាអែលម្នាក់បានបញ្ជាក់ប្រាប់ស៊ីនហួថា កិច្ចពិភាក្សា ដែលសម្របសម្រួលដោយកាតា ក្នុងការសម្របសម្រួលជាមួយអាមេរិក បានបន្តឡើងវិញហើយ។
មន្ត្រីរូបនេះបានលើកឡើងថា “មិនទាន់មានសំណើជាក់លាក់ណាមួយ ត្រូវបានដាក់នៅលើតុនៅឡើយទេ” ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែល ចាត់ទុកការដោះលែង ចំណាប់ខ្មាំងទាំង ១២៨ នាក់ដែលនៅសេសសល់ នៅតំបន់ហ្គាហ្សាជា “អាទិភាពកំពូល” ។
លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស បានធ្វើដំណើរពីទីក្រុងដូហា របស់ប្រទេសកាតា ទៅកាន់ទីក្រុងគែរ របស់អេហ្ស៊ីប សម្រាប់កិច្ចពិភាក្សា ដែលផ្តោតលើការវិវឌ្ឍន៍ នៅតំបន់ហ្គាហ្សាស្ទ្រីប និងការខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់មួយ ផ្សេងទៀតនៅក្នុងរង្វង់ និងការផ្លាស់ប្តូរចំណាប់ខ្មាំង ។
មុនពេលចាកចេញ លោក Haniyeh បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងអំឡុងពេល ដែលមេដឹកនាំក្រុមហាម៉ាស បានសម្តែងការត្រៀមខ្លួន សម្រាប់ចលនារបស់គាត់ សម្រាប់បទឈប់បាញ់ យូរអង្វែងនៅតំបន់ហ្គាហ្សា ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហាម៉ាស់នឹងមិនចរចា នៅពេលត្រូវបានវាយប្រហារ ដោយអ៊ីស្រាអែល ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានលើកឡើងថា ការពិភាក្សា “ធ្ងន់ធ្ងរណាស់” កំពុងដំណើរការ សម្រាប់ការផ្អាក មនុស្សធម៌ថ្មី នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត នៅក្នុងការឃុំឃាំងរបស់អ៊ីស្រាអែល។
ទោះបីជាមានការវិវឌ្ឍថ្មីៗក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា អ៊ីស្រាអែល នឹងបន្តសង្រ្គាមរហូតដល់ទីបញ្ចប់។ វានឹងបន្តរហូតដល់ក្រុមហាម៉ាស ត្រូវបានកម្ចាត់ រហូតដល់ទទួលបានជ័យជំនះ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ នាយករដ្ឋមន្ត្រីបានព្រមានថា មេដឹកនាំក្រុមហាម៉ាស និងក្រុមអ្នកប្រយុទ្ធ “មានលទ្ធភាពតែពីរប៉ុណ្ណោះ គឺត្រូវចុះចាញ់ ឬស្លាប់”៕
ប្រែសម្រួល ឈូក បូរ៉ា