ព័ត៌មានអន្តរជាតិ

GDP របស់អ៊ុយក្រែន កើនឡើងក្នុងរង្វង់ ៥,៥ភាគរយ ក្នុងរយៈពេល ១១ខែដំបូង ឆ្នាំ២០២៣

រូបភាពពី៖​ XINHUA

គៀវ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា បានកើនឡើង ៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមតួលេខបឋម ដែលបានបង្ហាញដោយក្រសួងសេដ្ឋកិច្ចរបស់ប្រទេស​។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅក្នុងខែវិច្ឆិកាតែមួយ GDP របស់អ៊ុយក្រែន បានកើនឡើង ៤ភាគរយលើមូលដ្ឋានប្រចាំឆ្នាំធ្លាក់ចុះពី ១០,៥ ភាគរយនៅក្នុងខែតុលា។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន Yulia Svyrydenko បានឲ្យដឹងថា ការបិទព្រំដែនអ៊ុយក្រែន ដោយអ្នកដឹកជញ្ជូនប៉ូឡូញ គឺជាកត្តាអវិជ្ជមានចម្បង ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកាលពីខែមុន។

លោក Svyrydenko ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ផលប៉ះពាល់នៃការបិទផ្លូវនេះត្រូវបានទូទាត់ដោយផ្នែកដោយប្រតិបត្តិការច្រករបៀងនាំចេញនៅក្នុងសមុទ្រខ្មៅ។

គួរបញ្ជាក់ថា វិស័យសេវាកម្ម រួមទាំងរដ្ឋបាលសាធារណៈ និងការពារជាតិ ក៏ដូចជាការផលិតផងដែរ បច្ចុប្បន្នបានរួមចំណែកជាវិជ្ជមានដ៏ធំបំផុតដល់កំណើន GDP របស់ប្រទេសនេះ ៕​​ ប្រែសម្រួល ឈូក បូរ៉ា

To Top