បរទេស៖យោងតាមការចេញផ្សាយ របស់ RT កងកម្លាំងយោធាអ៊ុយក្រែន ប្រហែលជា៨០០នាក់ កំពុងត្រូវបានសម្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ចំពេលមានជម្លោះជាមួយរុស្ស៊ី។
ការវិភាគដែលត្រូវបានធ្វើឡើងដោយអតីត វរសេនីយ៍ឯកកងទ័ពអាកាសអាល្លឺម៉ង់ចូលនិវត្តន៍ និងជាអ្នកវិភាគយោធាដ៏លេចធ្លោ លោកRalph D. Thiele។
នៅក្នុងគំនិតមួយ ដែលលោកបានផ្តល់ ទៅឲ្យទស្សនាវដ្ដី Focus កាលពីថ្ងៃព្រហស្បតិ៍ លោក Thiele ដែលធ្លាប់បម្រើការជាបុគ្គលិកផ្ទាល់ របស់មេបញ្ជាការសម្ព័ន្ធមិត្ត កំពូលអឺរ៉ុប NATO បានអះអាងថា ក្រុងគៀវត្រូវការជ្រើសរើសទាហានជាង២០០០០នាក់ជារៀងរាល់ខែ ដើម្បីជំនួសអ្នកស្លាប់ និងរបួស។ ទោះយ៉ាងណាក៏ដោយ គាត់មិនបានបង្ហាញពីប្រភព ឬមូលដ្ឋានសម្រាប់ការគណនារបស់គាត់ទេ។
លោកបានរៀបរាប់ទៀតថា អ៊ុយក្រែន ក៏ត្រូវការកងកម្លាំងយោធាបន្ថែម ដើម្បីអាចបង្វិលកងទ័ពរបស់ខ្លួននៅជួរមុខ ដូច្នេះ ទាហានដែលហត់នឿយ នឹងអាចសម្រាកយកកម្លាំងឡើងវិញ ហើយអង្គភាពអាចបំពេញការផ្គត់ផ្គង់សម្ភារៈរបស់ពួកគេឡើងវិញផងដែរក្នុងពេលជាមួយគ្នានោះ៕
ប្រែសម្រួល៖ស៊ុនលី