វ៉ាស៊ីនតោន៖ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថាប័ននេះបានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលការទិញយកក្រុមហ៊ុន United States Steel Corp ដែលមានតម្លៃ ១៤,១ ពាន់លានដុល្លារដោយក្រុមហ៊ុន Nippon Steel Corp របស់ប្រទេសជប៉ុន ចំពេលមានការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងពីអ្នកនយោបាយ និងសហជីព។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន “ជឿថាការទិញក្រុមហ៊ុនដ៏ល្បីរបស់អាមេរិកនេះ ដោយអង្គភាពបរទេស សូម្បីតែមួយពីសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយ ហាក់ដូចជាសមនឹងទទួលបានការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងផលប៉ះពាល់សក្តានុពលរបស់វាទៅលើសន្តិសុខជាតិ និងភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់”។
លោកបានលើកឡើងថា “រដ្ឋបាលនេះនឹងត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលដោយប្រុងប្រយ័ត្នលើការរកឃើញនៃការស៊ើបអង្កេតបែបនេះ ហើយធ្វើសកម្មភាពប្រសិនបើសមស្រប” បន្ទាប់ពីក្រុមហ៊ុនផលិតដែកកំពូលរបស់ជប៉ុនបានឲ្យដឹងថា ខ្លួននឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកជាបុត្រសម្ព័ន្ធរបស់ខ្លួន និងបង្កើតក្រុមហ៊ុនផលិតដែកថែបធំជាងគេទី៣ របស់ពិភពលោក។
ចាប់តាំងពីការប្រកាសផែនការទិញយក សមាជិកមួយចំនួននៃសភាសហរដ្ឋអាមេរិក និងសហជីពកម្មករដែកថែប បានសម្តែងការប្រឆាំងចំពោះកិច្ចព្រមព្រៀងនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
សេចក្តីថ្លែងការណ៍របស់ Brainard កើតឡើងនៅពេលដែលលោក បៃដិន រៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ រដ្ឋ Pennsylvania ជាកន្លែងដែល US Steel មានមូលដ្ឋាន ត្រូវបានគេរំពឹងថា ជារដ្ឋសមរភូមិសម្រាប់ការបោះឆ្នោត។
ទន្ទឹមនឹងនេះដែរ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យពីររូប និងសមាជិកសភាតំណាងរាស្រ្តប្រជាធិបតេយ្យម្នាក់មកពីរដ្ឋ Pennsylvania បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃអង្គារទៅកាន់លោកស្រី Janet Yellen ប្រធានគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដោយស្នើឱ្យលោកស្រីរារាំងកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា