អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានសម្តែងការព្រួយបារម្ភចំពោះបទបញ្ជា របស់អ៊ីស្រាអ៊ែល សម្រាប់ការជម្លៀសជនស៊ីវិល នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូង ។
គួររំលឹកថា កាលពីថ្ងៃពុធ យោធាអ៊ីស្រាអ៊ែល បានកំណត់តំបន់ថ្មីមួយ ដែលគ្របដណ្តប់ប្រហែល២០ភាគរយ នៃភាគកណ្តាល និងភាគខាងត្បូងនៃទីក្រុង Khan Younis សម្រាប់ការជម្លៀសជាបន្ទាន់ ។ មុនពេលមានអរិភាព តំបន់នេះជាកន្លែងរស់នៅ របស់មនុស្សប្រមាណ១១១.០០០នាក់ ។
លោក Stephane Dujarric អ្នកនាំពាក្យ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា តំបន់នេះក៏រួមបញ្ចូលផងដែរ នូវជម្រកចំនួន៣២កន្លែង ដែលអាចដាក់មនុស្សប្រមាណ ជាង១៤១.០០០នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ដែលក្នុងនោះមាន ស្ត្រី និងកុមារ ដែលភាគច្រើនត្រូវបានផ្លាស់ទីលំនៅ ពីភាគខាងជើង នៃតំបន់ហ្គាហ្សា ។
លោកត្រូវបានដកស្រង់សម្តី ដោយមកពីការិយាល័យ សម្របសម្រួល កិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ដែលបានបញ្ជាក់ថា លទ្ធភាពទទួលបានព័ត៌មានជម្លៀសនៅ Khan Younis និងព័ត៌មានសំខាន់ៗផ្សេងទៀតត្រូវបានថយចុះ ដោយសារតែការរំខាន ក្នុងទូរគមនាគមន៍ និងកង្វះអគ្គិសនីប្រើប្រាស់ ។ ទូរគមនាគមន៍នៅតែបន្តធ្លាក់ចុះ នៅក្នុងតំបន់ហ្គាហ្សា ស្ទើរតែ៨ថ្ងៃជាប់ៗគ្នា ។
លោក Dujarric បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានតំបន់ណាមួយនៅក្នុងតំបន់ហ្គាហ្សា មានសុវត្ថិភាពឡើយ ៕
ដោយ៖ ម៉ៅ បុប្ផាមករា