ព័ត៌មានអន្តរជាតិ

នៅឆ្នាំក្រោយ វៀតណាម មានបំណងនាំចេញ ផលនេសាទរបស់ខ្លួន គិតជាទឹកប្រាក់ ប្រមាណ៩,៥ពាន់លានដុល្លារ

រូបភាព៖Vo Kieu Bao Uyen

ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃសុក្រ ដោយបានដកស្រង់សម្តី របស់នាយកដ្ឋានជលផលវៀតណាម ថា ឧស្សាហកម្មនេសាទ របស់ប្រទេសវៀតណាម មានបំណងទទួលបាន ប្រាក់ចំណូល ពីការនាំចេញ ចំនួន៩,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងងឆ្នាំ២០២៤លើតម្រូវការប្រើប្រាស់សកលទាប ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅឆ្នាំ២០២៤ វៀតណាម មានគោលដៅប្រមូលទិន្នផលនេសាទ សរុបប្រមាណ៩,២២លានតោន ស្មើនឹងឆ្នាំនេះដែរ ក្នុងនោះនេសាទបាន៣,៨៦១លានតោន និងវារីវប្បកម្មបានចំនួន៥,៤០៨លានតោន ។ ផលិតផល ជលផលសំខាន់ៗ ក៏មានគោលដៅខ្ពស់លើការនាំចេញផងដែរ ។ ឧទាហរណ៍ បង្គាកំណត់តម្លៃនាំចេញ៣,៤៥ពាន់លានដុល្លារ ខណៈត្រីត្រាវចំនួន១,៩ពាន់លានដុល្លារ និងត្រីធូណាចំនួន៩០០លានដុល្លារ ។

លោក Tran Dinh Luan ប្រធាននាយកដ្ឋានជលផល បានលើកឡើងថា ឧស្សាហកម្មនេសាទរបស់ប្រទេសវៀតណាម បានបន្តប្រឈមមុខនឹងបញ្ហានានា រួមទាំងការថយចុះនៃធនធានអាហារសមុទ្រ ការព្រមានកាតលឿងរបស់គណៈកម្មការអឺរ៉ុប និងតម្រូវការទាបនៅក្នុងទីផ្សារនាំចេញសំខាន់ៗផងដែរ ។

យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឲ្យដឹងថា ប្រាក់ចំណូលនៃការនាំចេញជលផលរបស់ប្រទេសវៀតណាមឈានដល់៨,២៧ពាន់លានដុល្លារក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះ ដោយបានថយចុះ១៩ភាគរយធៀបពីមួយឆ្នាំទៅមួយឆ្នាំ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top