អ.ស.ប ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) មានការភ្ញាក់ផ្អើល និងសោកសៅជាពន់ពេក ចំពោះការបាញ់ប្រហារដ៏ធំ នៅសាកលវិទ្យាល័យមួយនៅរដ្ឋធានី Prague របស់ប្រទេសឆេក ។ អ្នកនាំពាក្យរបស់លោក បានលើកឡើងដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍ ។
លោក Stephane Dujarric អ្នកនាំពាក្យបានថ្លែងថា លោកអគ្គលេខាធិការ បានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះ និងបានជូនពរអ្នករងរបួស ឆាប់ជាសះស្បើយទាំងស្រុង ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ក៏បានក្រើនរំលឹកនូវសាមគ្គីភាព ពេញលេញរបស់គាត់ ជាមួយប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក ផងដែរ ។
យ៉ាងហោចណាស់មានមនុស្សចំនួន១៤នាក់បានស្លាប់ និង ចំនួន២៥នាក់ផ្សេងទៀតបានរងរបួស នៅគ្រា ដែលជនសង្ស័យម្នាក់ បានបើកការបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍នៅឯសាកលវិទ្យាល័យ Charles នៅក្នុងទីក្រុង Prague ដែលនាំឱ្យមានការបាញ់ប្រហារ ដ៏ធំបំផុតរបស់ប្រទេសនេះ ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលឆេក បានប្រកាសថ្ងៃកាន់ទុក្ខនៅថ្ងៃសៅរ៍ សម្រាប់ជនរងគ្រោះដែលបានរងការ បាញ់ប្រហារបណ្តាលឲ្យស្លាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា