ព័ត៌មានអន្តរជាតិ

លោក ពូទីន និងលោក អាបាស ជំរុញឲ្យបន្តការសន្ទនា នយោបាយឡើងវិញ ដើម្បីដោះស្រាយជម្លោះ ប៉ាឡេស្ទីន និងអ៊ីស្រាអែល

RT News

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស បានលើកឡើង ពីតម្រូវការបន្ទាន់ ដើម្បីបន្តការសន្ទនា នយោបាយឡើងវិញ ដើម្បីដោះស្រាយជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ។

វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកពូទីន បានជូនដំណឹងដល់លោក អាបាស អំពីជំហានដែលភាគីរុស្ស៊ី បានធ្វើឡើង ដើម្បីជួយបន្ធូរបន្ថយជម្លោះ និងធានាការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដោយមិនមានការរំខានដល់អ្នក ដែលត្រូវការ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “រុស្ស៊ី នឹងបន្តផ្គត់ផ្គង់ទំនិញសំខាន់ៗ ដល់ហ្គាហ្សាស្ទ្រីប រួមទាំងថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

មេដឹកនាំទាំងពីរបាន សង្កត់ធ្ងន់លើ “សារៈសំខាន់ នៃការបញ្ចប់ដំណាក់កាលដំបូងនៃការបង្ហូរឈាម និងការបន្តដំណើរការ នយោបាយ នៃការតាំងទីលំនៅមជ្ឈិមបូព៌ា នៅលើមូលដ្ឋានច្បាប់ អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាទូទៅ” ដែលផ្តល់សម្រាប់ការបង្កើត រដ្ឋឯករាជ្យមួយ របស់ប៉ាឡេស្ទីន នៅក្នុងព្រំដែនឆ្នាំ១៩៦៧ ។

នៅក្នុងនោះដែរ ភាគីរុស្ស៊ី ក៏បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយថ្នាក់ដឹកនាំប៉ាឡេស្ទីន ដើម្បីជំរុញដំណើរការដោះស្រាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top