តូក្យូ៖ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា កប៉ាល់ពាណិជ្ជកម្មជប៉ុនមួយគ្រឿង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនចេញពីប្រទេសអ៊ីរ៉ង់ ក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមានអគ្គីភ័យ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
មន្ទីរបញ្ចកោណបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ដឹកសារធាតុគីមី ដែលដំណើរការដោយប្រទេសហូឡង់ ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវបានវាយប្រហារចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រពីប្រទេសឥណ្ឌា “ដោយយន្តហោះដ្រូន វាយប្រហារមួយផ្លូវ ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់”។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាវាកំពុងបន្តដំណើរឆ្ពោះទៅកាន់គោលដៅមួយក្នុងប្រទេសឥណ្ឌា ហើយទីបញ្ជាការកណ្តាលនៃកងនាវាចរអាមេរិក នៅតែទាក់ទងជាមួយនាវាដឹកប្រេង។
ឧបទ្ទវហេតុនេះបានកើតឡើងចំពេល មានការវាយប្រហារជាបន្តបន្ទាប់ លើនាវានៅសមុទ្រក្រហម ចាប់តាំងពីការចាប់ផ្តើម នៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា