ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន នឹងចំណាយប្រាក់ជាង ១៦៤ ពាន់លានយ៉េន លើពិព័រណ៍ឆ្នាំ២០២៥ ចំពេលមានការសង្ស័យ ជាសាធារណៈ

រូបភាព៖ Kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុន ត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយប្រាក់លើស ពីការរំពឹងទុកចំនួន ១៦៤,៧ពាន់លានយ៉េន (១,៦១ពាន់លានដុល្លារ) លើការតាំងពិពណ៌ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ចំពេលមានការព្រួយបារម្ភ ជាសាធារណៈ អំពីការចំណាយកើនឡើង សម្រាប់ព្រឹត្តិការណ៍ពិភពលោក។

បន្ថែមពីលើចំនួនសរុប ដែលរាប់បញ្ចូលទាំងការចំណាយលើសកម្មភាពដេញថ្លៃ រដ្ឋាភិបាលកណ្តាល អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនត្រូវបានគេព្យាករថានឹងចាក់ចំនួន ៩,៧ ពាន់ពាន់លានយ៉េន ទៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ព្រឹត្តិការណ៍នេះ។

ជាមួយនឹងការចំណាយកាន់តែធំជាងការប៉ាន់ប្រមាណដំបូង រដ្ឋាភិបាលនឹងបង្កើតក្រុមមួយ រួមទាំងអ្នកជំនាញភាគីទី៣ ដើម្បីពិនិត្យមើលថាតើការបន្តចាក់បញ្ចូលលុយអ្នកជាប់ពន្ធយ៉ាងច្រើនទៅក្នុងគម្រោងនេះគឺសមស្របដែរឬទេ។

ក្នុងចំណោមទឹកប្រាក់ ៩,៧ពាន់ពាន់លានយ៉េន ៨៣៩ពាន់លានយ៉េននឹងត្រូវចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតាំងពិព័រណ៍នៅភាគខាងលិចប្រទេសជប៉ុនដែលបានគ្រោងទុកសម្រាប់ថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដូចជាផ្លូវសម្រាប់ចូលទៅកាន់កន្លែងប្រារព្ធពិធីនៅ Yumeshima ដែលជាកោះដែលបង្កើតឡើងដោយមនុស្សនៅឆ្នេរសមុទ្រអូសាកា។

ការចំណាយក៏រាប់បញ្ចូលទាំងថវិកាដែលធានាដើម្បីកែលម្អផ្លូវថ្នល់ និងទន្លេដែលទាក់ទងនឹងព្រឹត្តិការណ៍នេះនៅក្នុង និងជុំវិញតំបន់ ដែលត្រូវបានគេរំពឹងថានឹងមានការចូលរួមពីប្រទេស និងតំបន់ប្រហែល ១៦០៕

ប្រែសម្រួល ឈូក បូរ៉ា

To Top