តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានពណ៌នាអំពីដំណោះស្រាយថ្មីៗនេះ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលទាមទារការចូលប្រើប្រាស់មនុស្សធម៌ជាបន្ទាន់ និងគ្មានការរារាំងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបថាជាការ “វិជ្ជមាន ប៉ុន្តែមិនគ្រប់គ្រាន់” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានឲ្យដឹងថា វាជាការសោកស្តាយ ខណៈពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹង “ប្រជាជនគ្មានទីការពារនៅហ្គាហ្សា” នៅតែបន្ត រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែរារាំងការអនុម័តដំណោះស្រាយចងនៅ UNSC ដើម្បីបញ្ចប់ការសម្លាប់ ដោយសំដៅលើវេតូ និងការអនុប្បវាទពីសហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតពាក់ព័ន្ធ។
លោកបានបន្ថែមថា ក្រោមការបន្តការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល ការបញ្ជូនជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពទៅកាន់តំបន់ហ្គាហ្សា “ពិតជាមិនអាចទៅរួចនោះទេ” ដោយសង្កត់ធ្ងន់ថា ការអនុម័តដំណោះស្រាយមិនបានកាត់បន្ថយការទទួលខុសត្រូវរបស់ UNSC ចំពោះតំបន់ហ្គាហ្សានោះទេ។
ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥រូបបានអនុម័តកាលពីថ្ងៃសុក្រលើដំណោះស្រាយដោយមានសម្លេងគាំទ្រ ១៣សំឡេង គ្មានការបោះឆ្នោតប្រឆាំង និងពីរអនុបវាទពីសហរដ្ឋអាមេរិក និងរុស្ស៊ី។ ការបោះឆ្នោតបានធ្វើតាមការវេតូរបស់សហរដ្ឋអាមេរិកលើវិសោធនកម្មរុស្ស៊ី ដែលនឹងបានស្ដារការអំពាវនាវឲ្យមានការផ្អាកអរិភាព៕ ប្រែសម្រួល ឈូក បូរ៉ា