ព័ត៌មានអន្តរជាតិ

ជប៉ុន នាំចេញអាវុធ ជាលើកដំបូងទៅឱ្យអាមេរិក ចាប់តាំងពីសង្គ្រាមលោក លើកទី២មក

Kyodo

បរទេស៖ ប្រទេសជប៉ុនបានយល់ព្រមផ្គត់ផ្គង់មីស៊ីល Patriot ដល់សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការហាមឃាត់ លើការនាំចេញយោធាដែលដាក់ ក្រោមរដ្ឋធម្មនុញ្ញសន្តិភាព របស់ប្រទេសនេះក្នុងឆ្នាំ១៩៤៧ ។ សកម្មភាពនេះនឹងជួយគាំទ្រឃ្លាំង ស្តុកអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជិតអស់ដោយជម្លោះអ៊ុយក្រែនដែលកំពុងបន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការលក់អាវុធទៅឱ្យអាមេរិកដែលបាន បញ្ជាក់កាលពីថ្ងៃសុក្រក្នុងទីក្រុងតូក្យូ ជាការនាំចេញអាវុធធុនធ្ងន់លើកដំបូង របស់ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុនផលិតមីស៊ីល Patriot ក្រោមអាជ្ញាប័ណ្ណពីក្រុមហ៊ុន ម៉ៅការការពារជាតិអាមេរិក Lockheed Martin និង RTX ។

ថ្វីបើមីស៊ីលស្ទាក់ចាប់ដែលផលិតដោយជប៉ុន នឹងមិនទៅទាន់បញ្ជូនទៅ ទីក្រុងគៀវដោយផ្ទាល់ក៏ដោយ ក៏ពួកគេអាចផ្តល់លទ្ធភាពឱ្យ ទីក្រុងវ៉ាស៊ីនតោនបញ្ជូនមីស៊ីល Patriots ដែលផលិតដោយសហរដ្ឋអាមេរិក បន្ថែមទៀតទៅកាន់អ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី គណៈរដ្ឋមន្ត្រីជប៉ុនបានយល់ព្រម លុបចោលការហាមឃាត់ការនាំចេញថា “ក្នុងការចាត់វិធានការនេះ យើងសង្ឃឹមថានឹងរួមចំណែកការពារ សណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ និងដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។ យល់ព្រមលុបចោលការហាមឃាត់ការនាំចេញ។ ក្រសួងការបរទេសជប៉ុន ក៏បាននិយាយថា កិច្ចព្រមព្រៀងផ្គត់ផ្គង់មីស៊ីលនេះនឹងពង្រឹង បន្ថែមទៀតនូវសម្ព័ន្ធភាពជប៉ុន-អាមេរិក។

ទោះបីជាក៏ដោយ លោក គីស៊ីដា បានទទូចថា “មិនមានការផ្លាស់ប្តូរចំពោះគោលការណ៍ របស់យើងជាប្រទេសសន្តិភាពទេ”។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានទទួលស្គាល់ថា “វិសាលភាព មាត្រដ្ឋាន និងល្បឿននៃកំណែទម្រង់សន្តិសុខ របស់ប្រទេសជប៉ុនគឺមិនធ្លាប់មានពីមុនមក” ។ លោកបាននិយាយថា ទីក្រុងតូក្យូកំពុងស្ថិតក្រោម “ទំនើបកម្មផ្នែកការពារ មួយជំនាន់ក្នុងមួយជំនាន់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top