ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធហួទី យេម៉ែន ព្រមាន​កងកម្លាំងអាមេរិក ចាកចេញពីសមុទ្រក្រហមឲ្យបានឆាប់ មុនការផ្ទុះអាវុធ

រូបភាពពី៖​ AFP

សាណា៖ ក្រុមឧទ្ទាមហួទី របស់ប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ បានព្រមានជាថ្មីដល់កងកម្លាំងសហរដ្ឋអាមេរិក ដោយជំរុញឱ្យពួកគេចាកចេញពីសមុទ្រក្រហមឱ្យបានឆាប់រហ័ស មុនពេលវាក្លាយជា “សង្វៀនដ៏ឆាបឆេះ” ។

អ្នកនាំពាក្យក្រុមហួទី លោក Mohammed Abdulsalam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah TV ថា “សមុទ្រក្រហមនឹងក្លាយជាសង្វៀនដ៏ឆាបឆេះ ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្តបន្តការគំរាមកំហែងរបស់ពួកគេ”។

ការព្រមាននេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហួទី ថាបានវាយប្រហារ MV Saibaba ដែលជានាវាដឹកប្រេងឆៅ ដែលមានទង់ជាតិឥណ្ឌាគ្រប់គ្រងដោយ Gabon ជាមួយនឹងយន្តហោះដ្រូន ដែលលោក Abdulsalam បានបដិសេធដោយអះអាងថា វាជានាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកដែលនៅពីក្រោយការវាយប្រហារមីស៊ីលជិតមីស៊ីលនេះ នៅចុងខាងត្បូងនៃសមុទ្រក្រហម។

លោក Abdulsalam បានពន្យល់ថា “ខណៈពេលដែលយន្តហោះ ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹករបស់យើង កំពុងបំពេញការងារឈ្លបយកការណ៍នៅទូទាំងសមុទ្រក្រហម នាវាចម្បាំងអាមេរិក បានបើកការបាញ់ប្រហារដោយអាវុធជាច្រើនគ្រាប់” ដោយបន្ថែមថា កាំជ្រួចមួយគ្រាប់បានផ្ទុះនៅជិតនាវា MV Saibaba ដែលមកពីកំពង់ផែរុស្ស៊ី ​។

អ្នកនាំពាក្យរូបនេះបានថ្កោលទោស “ការធ្វើយោធានៅសមុទ្រក្រហម” ដោយអាមេរិក និងដៃគូរបស់ខ្លួន ដោយ ថា ពួកគេ “បានបង្កការគំរាមកំហែងដល់ការធ្វើនាវាចរណ៍អន្តរជាតិ” និងសុំឱ្យពួកគេចាកចេញ។

កាលពីថ្ងៃពុធ មេដឹកនាំក្រុមហួទីលោក Abdulmalik al-Houthi បានព្រមានយ៉ាងច្បាស់ថា ក្រុមរបស់លោក នឹងបើកការវាយប្រហារយ៉ាងសាហាវទៅលើនាវាចម្បាំង និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើសង្គ្រាមប្រឆាំងនឹងកងជីវពលពិតមែននោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top