ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន បង្ហាញក្តីសង្ឃឹម សម្រាប់ការបញ្ចប់ជម្លោះភ្លាមៗ ខណៈដែលការប្រយុទ្ធ នៅតែបន្តកើតមាន នៅក្នុងតំបន់ហ្គាហ្សា

Xinhua

រ៉ាម៉ាឡា៖ ប្រធានាធិបតី ប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានបង្ហាញ​ ក្តីសង្ឃឹមរបស់លោកថា ថ្ងៃបុណ្យណូអែល ខាងមុខនេះ នឹងក្លាយជាកាលបរិច្ឆេទ សម្រាប់ការបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ដែលនៅសល់នៃទឹកដី ដែលប៉ាឡេស្ទីន កាន់កាប់។

លោក អាបាស បានឲ្យដឹងនៅក្នុងសុន្ទរកថា ក្នុងឱកាសបុណ្យណូអែលថា “គ្មាននរណាម្នាក់ក្នុងចំណោម ប្រជាជនរបស់យើង ត្រូវបានរួចផុត ពីការវាយលុកនេះ ការប៉ុនប៉ងផ្លាស់ទីលំនៅដោយបង្ខំ និងការបំផ្លិចបំផ្លាញ ផ្ទះរាប់ពាន់ខ្នងនោះទេ” ។

លោកបានសង្កត់ធ្ងន់ថា “ទន្លេនៃឈាម ការលះបង់ដ៏ធំ ការរងទុក្ខវេទនា និងការតស៊ូដ៏អង់អាចក្លាហាន របស់ប្រជាជនប៉ាឡេស្ទីន នៅលើទឹកដីរបស់ពួកគេ គឺជាផ្លូវឆ្ពោះទៅរកសេរីភាព និងសេចក្តីថ្លៃថ្នូរ”។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៦៦ នាក់ត្រូវបានសម្លាប់ និង ៣៨៤ នាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយដោយការ វាយប្រហាររបស់អ៊ីស្រាអែលដែលកំពុង បន្តលើតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមប្រភពសន្តិសុខ ប៉ាឡេស្ទីន បានឱ្យដឹងថា ជនរងគ្រោះ និង របួសបានកើតឡើង នៅពេលដែលការទម្លាក់ គ្រាប់បែកយ៉ាងខ្លាំងក្លា របស់អ៊ីស្រាអែល ពីផ្លូវអាកាស ដីគោក និងសមុទ្រ ព្រមទាំងប្រតិបត្តិការជើងគោក បានបន្តនៅក្នុងផ្នែកភាគច្រើន នៃតំបន់ហ្គាហ្សាស្ទ្រីប ​។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់កាសែតស៊ិនហួ ថាជាយក្រុងភាគខាងកើត នៃសង្កាត់ Al-Zaytoun និងជាយក្រុងភាគខាងត្បូង នៃទីក្រុងហ្គាហ្សា បានទទួលរង នូវការប៉ះទង្គិចគ្នា ខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានម៉ោង កន្លងមកនេះ ដែលក្នុងអំឡុងពេលនោះសំឡេង នៃការផ្ទុះត្រូវបានឮជាបន្ដបន្ទាប់។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែល បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពយោធា សម្រាប់គោលបំណង មនុស្សធម៌នៅក្នុងសង្កាត់ Al-Baraka កណ្តាលទីក្រុង Deir Al-Balah ដែលនឹងមានរយៈពេល ៦ម៉ោងក្នុងអំឡុងពេលថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top