បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែលកំពុងបង្កើន ការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ Gaza ទោះបីជាមានការប្រឆាំងអន្តរជាតិ កាន់តែខ្លាំងឡើងក៏ដោយ។
មេដឹកនាំរូបនេះបានប្រាប់ខុទ្ទកាល័យ របស់លោកអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ថា៖ សង្គ្រាមកំពុងចំណាយប្រាក់យ៉ាងខ្លាំង ពីរដ្ឋាភិបាលរបស់យើងប៉ុន្តែទោះជាយ៉ាងណា យើងគ្មានជម្រើសអ្វីក្រៅពីការបន្តប្រយុទ្ធនោះទេ។
គួរឲ្យដឹងដែរថាកងកម្លាំងការពារអ៊ីស្រាអែល ឬIDF តាមសេចក្តីរាយការណ៍បានបាត់បង់ទាហាន ១៥នាក់ នៅតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍ ។
អ្នកនាំពាក្យយោធា ឧត្តមនាវីឯក Daniel Hagari បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលបានវាយប្រហារគោលដៅចំនួន ២០០ក្នុងរយៈពេល២៤ម៉ោង តែមួយក្នុងអំឡុងពេលចុងសប្តាហ៍ដូចគ្នានេះ ៕
ប្រែសម្រួល៖ ស៊ុន លី
