ហ្គាហ្សា៖ ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានស៊ូទ្រាំនឹងការភ័យរន្ធត់មួយ យប់នៅថ្ងៃណូអែល ខណៈដែលការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់លំនៅដ្ឋាន ដោយបានសម្លាប់មនុស្ស និងជាច្រើននាក់រងរបួស។
អ្នកស្រុកនៃជំរុំជនភៀសខ្លួន al-Maghazi និង al-Bureij នៅកណ្តាលហ្គាហ្សាស្ទ្រីប បានប្រាប់ស៊ីនហួថា ពួកគេបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅពេលព្រឹកព្រលឹមថ្ងៃច័ន្ទ បន្ទាប់ពី “យប់ដ៏អាក្រក់” មួយដោយសារតែការវាយប្រហារ ដោយទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
លោកស្រី Islam al-Hamid អាយុ 40 ឆ្នាំជាម្តាយ ដែលមានកូន ៣នាក់មកពីជំរំ al-Maghazi បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានព្រមានពួកគេឱ្យជម្លៀសជំរំកាលពីប៉ុន្មានថ្ងៃមុន ដែលជាផ្នែកនៃយុទ្ធនាការ របស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ប៉ុន្តែលោកស្រីមិនរំពឹងថា នឹងមានការវាយប្រហារខ្លាំង បែបនេះលើអ្នកទាំងនោះទេ។
លោកស្រីបានរំឭកថា “គ្រួសារខ្ញុំ និងខ្ញុំបានរងរបួសទាំងអស់ដោយបន្ថែមថា ពេលបុរសម្នាក់នាំខ្ញុំចេញពីផ្ទះ ខ្ញុំបានឃើញសាកសពជាច្រើនដេកលើដី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ជំរំ Al-Maghazi គឺជាជំរំជនភៀសខ្លួនតូចបំផុតមួយនៅក្នុងតំបន់ស្ទ្រីប ទាំងទំហំ និងចំនួនប្រជាជន។ វាត្រូវបានកំណត់លក្ខណៈដោយផ្លូវតូចចង្អៀត និងដង់ស៊ីតេប្រជាជនខ្ពស់ ដោយមានប្រជាជនប្រហែល ២៧,០០០នាក់ រស់នៅលើផ្ទៃដីមិនលើសពី ០,៦ គីឡូម៉ែត្រការ៉េ។
លោក Khalil Al-Dakran អ្នកនាំពាក្យមន្ទីរពេទ្យ Al-Aqsa បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៥នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ត្រូវបានសម្លាប់ ឬរងរបួសដោយការវាយប្រហារនៅជំរំ Al-Maghazi ។
មេធាវីការពារជនស៊ីវិលប៉ាឡេស្ទីនបានឲ្យដឹងថា ជនរងគ្រោះជាច្រើននៅ តែស្ថិតនៅក្រោមគំនរបាក់បែក ខណៈដែលពួកគេខ្វះខាតឧបករណ៍ជួយសង្គ្រោះ។ អ្វីដែលអាក្រក់នោះ គឺការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅលើផ្លូវសំខាន់ៗបានរារាំង ការចូលដំណើររបស់រថយន្តសង្គ្រោះ និងរថយន្តការពារស៊ីវិល ៕
ប្រែសម្រួល ឈូក បូរ៉ា