“ឆ្លងតាមរយៈការគិតពិចារណាយ៉ាងមធ្យ័ត យើងនឹងបោះបង់ចោលផែនការបង្កើតរោងចក្រផលិតអាគុយនៅរដ្ឋ Oklahoma របស់អាមេរិក ។” នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនPanasonic របស់ជប៉ុនដែលជាពាណិជ្ជករផ្គត់ផ្គង់អាគុយឱ្យក្រុមហ៊ុន Tesla បានប្រកាសព័ត៌មានដូចខាងលើ។ វាមិនមែនមានតែករណីមួយនេះទេ ។
នៅខែមករា ក្រុមហ៊ុនLG របស់កូរ៉េខាងត្បូងបាន “ទុកចោល”នូវផែនការសហការជាមួយក្រុមហ៊ុន GE បង្កើតរោងចក្រផលិតអាគុយនៅអាមេរិក នៅខែតុលា ក្រុមហ៊ុន HONDA របស់ជប៉ុនបានប្រកាសថាដកខ្លួនចេញពីផែនការស្តីពីការសហការជាមួយក្រុមហ៊ុន GE ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃថោក រីឯក្រុមហ៊ុន Ford ក៏បានពន្យារពេលផែនការសហការជាមួយក្រុមហ៊ុនកូរ៉េSK On ផលិតអាគុយនៅរដ្ឋ Kentucky របស់អាមេរិក ។ល។ តាំងពីចូលឆ្នាំនេះមក សហគ្រាសអន្តរជាតិដ៏ល្បីឈ្មោះជាច្រើនបាននាំគ្នាលុបចោលឬពន្យារពេលផែនការបង្កើតរោងចក្រនៅអាមេរិក ។ ក្នុងបរិបទដែលរដ្ឋាភិបាលអាមេរិក ដាក់ចេញវិធានការនិងគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភធនមួយចំនួន ដើម្បីទាក់ទាញសហគ្រាសទៅវិនិយោគនិងបង្កើតរោងចក្រ ហេតុអ្វីបានជាពួកគេបែរជាផ្តល់ “ចម្លើយទីផ្សារ”ផ្ទុយគ្នា ?
បើមើលពីដើមទុនផលិតកម្ម យោងតាមពាក្យសំដីរបស់ក្រុមហ៊ុនPanasonic បានឱ្យដឹងថា បច្ចុប្បន្ននេះ ដើមទុនសម្រាប់បង្កើតរោងចក្រនៅរដ្ឋ Kansas ខ្ពស់ជាងការប៉ាន់ប្រមាណ ដូច្នេះការបង្កើតរោងចក្រមួយទៀតនៅរដ្ឋ Oklahoma គឺពិបាកណាស់។
នៅពីក្រោយបញ្ហាលំបាកខាងដើមទុនរបស់សហគ្រាសបានបង្ហាញឱ្យឃើញ នូវសភាពការណ៍បច្ចុប្បន្ននៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់អាមេរិក ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា លើវិស័យជីកយកនិងកែច្នៃវត្ថុធាតុដើមសម្រាប់ផលិតអាគុយ អាមេរិកត្រូវតែពឹងផ្អែកទៅលើការនាំចូល ថែមទាំងថ្លៃដើមនៃកត្តាផលិតកម្មដូចជាថាមពល ដីធ្លីនិងកម្លាំងពលកម្មជាដើមមានតម្លៃខ្ពស់ ដែលបណ្តាលឱ្យសហគ្រាសត្រូវចំណាយបន្ថែមទៅលើការវិនិយោគ ។
បើមើលពីផលចំណេញខាងការវិនិយោគអាចឃើញថា បើសិនជាចង់ទទួលបានប្រាក់ចំណេញខ្ពស់ សហគ្រាសត្រូវមានទីផ្សារចំណាយយ៉ាងខ្លាំងក្លា ។ ប៉ុន្តែនៅខែតុលា ឆ្នាំនេះ ក្រុមហ៊ុនPanasonic បានប្រកាសថា តម្រូវការរបស់ទ្វីបអាមេរិកខាងជើងចំពោះរថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់បាននិងកំពុងបង្អង់ល្បឿន ព្រមទាំងបានបញ្ចុះការប៉ាន់ប្រមាណចំពោះប្រាក់ចំណេញរបស់ស្ថាប័នថាមពលផលិតអាគុយរថយន្តអគ្គិសនីក្នុងឆ្នាំសារពើពន្ធ២០២៣ចំនួន១៥ភាគរយ ។
ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់អាមេរិកក៏បានធ្វើឱ្យអ្នកប្រើប្រាស់ខកចិត្តផងដែរ ។ នៅឆ្នាំ២០២២ អត្រាការសាកថ្មបានបរាជ័យរបស់ម្ចាស់រថយន្តអគ្គិសនីរបស់អាមេរិកបានឡើងដល់១ភាគ៥ ។ សមត្ថភាពថ្មទាប តម្លៃអគ្គិសនីខ្ពស់ និងអស្ថិរភាពរបស់បណ្តាញអគ្គិសនី ។ល។ ប្រការទាំងនេះធ្វើឱ្យអ្នកប្រើប្រាស់ត្អូញត្អែរមិនចេះចប់ បានជានៅត្រីមាសទីបីឆ្នាំនេះ ក្នុងទីផ្សាររថយន្តអាមេរិក រថយន្តអគ្គិសនីមានត្រឹមតែ៧,៩ភាគរយតែប៉ុណ្ណោះ ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺនិយាយចំពោះសហគ្រាស ការធ្វើវិនិយោគគឺរំពឹងទុកចង់បានសេដ្ឋកិច្ចម៉ាក្រូនិងបរិយាកាសធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនិងមានអំណោយផលដល់ការអភិវឌ្ឍយូរអង្វែង ។ អ្នកជំនាញពាក់ព័ន្ធសម្គាល់ឃើញថា បន្ទុកបំណុលរបស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់ថ្មី អតិផរណានៅតែឋិតនៅកម្រិតខ្ពស់ អាជីវកម្មកមន្តសាលតែងតែកើតមានកូដកម្ម ប្រការទាំងនេះសុទ្ធតែធ្វើឱ្យសហគ្រាសមានការព្រួយបារម្ភចំពោះបរិយាកាសប្រកបអាជីវកម្មរបស់អាមេរិក ។ រីឯភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាងដូចជាគោលនយោបាយរូបិយវត្ថុអាមេរិកកែប្រែយ៉ាងខ្លាំង និងព្រឹតិ្តការណ៍នយោបាយដែលស្រាប់តែកើតឡើងជាដើម កាន់តែធ្វើឱ្យសហគ្រាសបាត់បង់ជំនឿចិត្ត ។
ប្រព័ន្ធសារព័ត៌មានអាមេរិកបានផ្សាយដំណឹងថា នៅថ្ងៃបុណ្យណូអែលឆ្នាំនេះ តម្លៃកាដូបានឡើងថ្លៃជាបន្តបន្ទាប់ ជនជាតិអាមេរិកចំនួនលើសពី១ភាគ៣ សម្រេចចិត្តបោះបង់ចោលទំនៀមទំលាប់ជូនកាដូ ។ ក្នុងប្រតិកម្មមួយចំនួននេះ តើទីផ្សារនឹងមានជម្រើសយ៉ាងណា ? ចម្លើយគឺច្បាស់ណាស់ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន