ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្រ្តីចិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៤

នារសៀលថ្ងៃទី ២៥ ខែធ្នូ លោកLi Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៤តាមប្រព័ន្ធវីដេអូនៅទីស្តីការរដ្ឋ Zhongnanhai។ លោក Li Qiang និងមេដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing បានធ្វើជាសហធិបតីនៃកិច្ចប្រជុំនេះ ដែលមានការចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក Sonxay នាយករដ្ឋមន្ត្រីឡាវ, លោក Saytha នាយករដ្ឋមន្ត្រីថៃ និងលោក Pham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាម ។

លោក Li Qiang បានលើកឡើងសំណើបួនចំណុចស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៖ ទី១ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយរួមបញ្ចូលគ្នា ប្រកាន់ខ្ជាប់នូវការបើកចំហនិងកិច្ចសហប្រតិបត្តិការ រួមគ្នាគ្រោងផែនការនិងអនុវត្តឱ្យបានល្អនូវគម្រោងតភ្ជាប់គ្នាជាយុទ្ធសាស្ត្រក្នុងតំបន់ឡានឆាង-មេគង្គ លើកកម្ពស់គុណភាពនិងកម្រិតនៃគម្រោងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មឆ្លងដែន សមត្ថភាពផលិតកម្ម និងកសិកម្មជាដើម រក្សាសុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មឆ្លាតវៃ និងទិន្នន័យធំ។

ទី២ គឺជំរុញកិច្ចសហប្រតិបត្តិការបៃតង គោរពយ៉ាងពេញលេញនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ក្នុងការអភិវឌ្ឍនិងប្រើប្រាស់ធនធានទឹកដោយសមហេតុផល និងគិតគូរដល់កង្វល់របស់គូភាគីទៅវិញទៅមក។ ទី៣ គឺពង្រឹងអភិបាលកិច្ចសន្តិសុខ សម្របសម្រួលកិច្ចការសន្តិសុខប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ជំរុញបន្ថែមទៀតនូវ “ប្រតិបត្តិការឡានឆាង-មេគង្គប្រកបដោយសុវត្ថិភាព” ដើម្បីបង្រ្កាបយ៉ាងខ្លាំងក្លាចំពោះសកម្មភាពល្មើសច្បាប់ ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម។ ទី៤ គឺធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ ប្រទេសចិនគាំទ្រដល់ការរៀបចំវេទិកាសហគ្រិនវ័យក្មេងនៃប្រទេសឡានឆាង-មេគង្គ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគីដើម្បីស្វែងរកចំណុចសំខាន់និងថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យធនាគារគំនិតនិងតំបន់មូលដ្ឋាន៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top