ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បដិសេធការបាត់បង់ទីក្រុង Maryinka ទៅរុស្ស៊ី

រូបភាពពី៖​ AFP

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Shtupun ​ បានបដិសេធរបាយការណ៍ដែលថា កងកម្លាំងរុស្ស៊ី បានទទួលការគ្រប់គ្រងទាំងស្រុងនៃទីក្រុង Maryinka ក្នុងតំបន់ Donetsk ភាគខាងកើត។

លោក Shtupun អ្នកនាំពាក្យកងកម្លាំងការពារ Tavria របស់អ៊ុយក្រែន ត្រូវបានដកស្រង់សម្តីថា “សមរភូមិសម្រាប់ទីក្រុង Maryinka នៅតែបន្ត ​ វាមិនត្រឹមត្រូវទេ ក្នុងការនិយាយអំពីការចាប់យកទីក្រុង Maryinka ទាំងស្រុង” ។

អ្នកនាំពាក្យរូបនេះបានបន្ដថា បច្ចុប្បន្ន កងទ័ពយោធាអ៊ុយក្រែន នៅតែស្ថិតក្នុងព្រំដែនរដ្ឋបាលនៃរដ្ឋ Maryinka ប៉ុន្តែទីក្រុងនេះត្រូវបានបំផ្លាញទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងទាំងស្រុងលើទីក្រុង Maryinka ។ ទីក្រុង Maryinka ជាទីក្រុងតូចមួយ ដែលមានប្រជាជនមុនជម្លោះប្រហែល ៩,៥០០ នាក់ស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Donetsk៕ ប្រែសម្រួល ឈូក បូរ៉ា

To Top