យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានតែងតាំងលោកស្រី Sigrid Kaag នៃប្រទេសហូឡង់ ជាអ្នកសម្របសម្រួលជាន់ខ្ពស់ ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញ សម្រាប់តំបន់ហ្គាហ្សា។
លោកស្រី Kaag នឹងជួយសម្រួល សម្របសម្រួល ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការបញ្ជូនជំនួយ ទៅកាន់តំបន់ដែលរងការប្រយុទ្ធ ស្របតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ នាពេលថ្មីៗនេះ។ លោកស្រីក៏នឹងបង្កើតយន្តការ របស់អង្គការសហប្រជាជាតិ ដើម្បីពន្លឿនការដឹកជញ្ជូនជំនួយ មនុស្សធម៌តាមរយៈរដ្ឋដែលមិនមែនជាភាគីនៃជម្លោះ។
លោកស្រី Kaag ត្រូវបានគេរំពឹងថានឹងទទួលភារកិច្ចនៅថ្ងៃទី ៨ ខែមករា ។ យោងតាមកំណត់ត្រាសារព័ត៌មាន ដែលចេញដោយប្រធានការិយាល័យអង្គការសហប្រជាជាតិ លោកស្រី Kaag មានបទពិសោធន៍ច្រើនក្នុងវិស័យនយោបាយ មនុស្សធម៌ និងការអភិវឌ្ឍន៍ ក៏ដូចជាផ្នែកការទូត។
ថ្មីៗនេះ លោកស្រី បានបម្រើការជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុស្ត្រីដំបូងគេក្នុងរដ្ឋាភិបាលហូឡង់ចាប់តាំងពីខែមករា ឆ្នាំ២០២២ និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍ចាប់ពីខែតុលា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០២១ និងជារដ្ឋមន្ត្រីក្រសួងការបរទេសរហូតដល់ខែកញ្ញា។
លោកស្រី Kaag បានកាន់តំណែងជាន់ខ្ពស់ ជាច្រើននៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ រួមទាំងបម្រើការ ជាអ្នកសម្របសម្រួលពិសេស សម្រាប់ប្រទេសលីបង់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ និងជាអ្នកសម្របសម្រួលពិសេសនៃបេសកកម្មរួម នៃអង្គការហាមឃាត់អាវុធគីមី និងបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសស៊ីរីពី ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ។
កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយ ២០៧០ ដែលក្នុងចំណោមចំណុចផ្សេងទៀត ទាមទារការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សុវត្ថិភាព និងគ្មានការរារាំងដល់ជនស៊ីវិលប៉ាឡេស្ទីន ដោយផ្ទាល់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
ដំណោះស្រាយនេះ ស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ តែងតាំងអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញ ហើយអំពាវនាវឱ្យបង្កើតយន្តការ “ឆាប់រហ័ស” នៃអង្គការសហប្រជាជាតិ ដើម្បីជំរុញការចែកចាយជំនួយ៕
ប្រែសម្រួល ឈូក បូរ៉ា