បរទេស៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់ “មធ្យោបាយគ្រប់មធ្យោបាយ” ដើម្បីទប់ស្កាត់ការបំបែកកោះតៃវ៉ាន់ ដោយលោកបន្ថែមថា ការបង្រួបបង្រួមកោះនេះជាមួយចិនដីគោកគឺជារឿងដែលជៀសមិនរួច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់នេះបានធ្វើឡើងជាផ្នែកនៃសុន្ទរកថារបស់លោក ស៊ី ជិនពីង ទៅកាន់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅក្នុងសន្និសិទមួយដែលប្រារព្ធខួបកំណើតលើកទី១៣០ របស់ម៉ៅ សេទុង , នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួ។
លោក ស៊ី ត្រូវបានគេដកស្រង់សម្ដីថា៖ «យើងនឹងរារាំងអ្នកណាម្នាក់យ៉ាងម៉ឺងម៉ាត់ពីការធ្វើឱ្យកោះតៃវ៉ាន់បំបែកខ្លួនពីប្រទេសចិនតាមមធ្យោបាយណាមួយ»។
លោក ស៊ី ក៏បានពិពណ៌នាអំពី “ការបង្រួបបង្រួមពេញលេញ” នៃប្រទេសចិនថាជា “និន្នាការជៀសមិនរួច” និងទាំងផលប្រយោជន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជន។ លោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បី “លើកកម្ពស់ការអភិវឌ្ឍដោយសន្តិភាព” នៃទំនាក់ទំនងជាមួយកោះតៃវ៉ាន់ និងការអភិវឌ្ឍរួមបញ្ចូលគ្នាបន្ថែមទៀត “លើគ្រប់វិស័យ” ។
បើយោងតាមសារព័ត៌មាន NBC News បានផ្សាយថា ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីចិនអធិបតេយ្យភាព ហើយបានព្រមានថា ការប៉ុនប៉ងណាមួយដើម្បីប្រកាសខ្លួនជារដ្ឋឯករាជ្យ នោះនឹងមានន័យថា សង្គ្រាម។ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ជាក់ចំណុចនោះយ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅរដ្ឋកាលីហ្វ័រញ៉ាកាលពីខែមុន ។
ប្រទេសចិននឹងផ្តល់ “កន្លែងទំនេរច្រើន” សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ប៉ុន្តែនឹងមិនអត់ឱនចំពោះចលនាផ្តាច់ខ្លួនណាមួយដោយទីក្រុងតៃប៉ិនោះទេ។ មេដឹកនាំចិនបាននិយាយប្រាប់លោក Biden ។
សូមជម្រាបថា កោះតៃវ៉ាន់គ្រោងនឹងរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីនៅថ្ងៃទី១៣ ខែមករា។ លោក ឡៃ ជីងតេ មកពីគណបក្សប្រជាធិបតេយ្យ (DPP) ហាក់ដូចជា ទំនងនឹងទទួលជ័យជំនះនោះ គឺលោកបានពិពណ៌នាខ្លួនលោកថា ជា “កម្មករដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់” ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងពីការគំរាមកំហែងកោះនេះដោយកម្លាំងប្រដាប់អាវុធ៕ ប្រែសម្រួលៈ ណៃ តុលា