ក្រឹមឡាំង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាកងទ័ពជើងទឹករុស្ស៊ី ចំនួន១គ្រឿងត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនទៅលើទីក្រុងកំពង់ផែ Feodosia នៅឧបទ្វីប គ្រីមៀ (Crimea) កាលពីថ្ងៃអង្គារ។
វិមានក្រឹមឡាំងបានឲ្យដឹងថា លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្សី បានពន្យល់ប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការវាយប្រហារកាលពីពេលមួយយប់កន្លងទៅនេះ ។
លោក Shoigu បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានធ្វើការវាយប្រហារដោយប្រើមីស៊ីលដែលដឹកនាំដោយយន្តហោះ ដោយសំដៅទៅលើមូលដ្ឋាន Feodosia នៅគ្រីមៀ ។
សេចក្តីថ្លែងការណ៍បានឲ្យថា កប៉ាល់ចុះចតដ៏ធំ Novocherkassk ត្រូវបានខូចខាតនៅក្នុងការវាយប្រហារ ហើយការការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយន្តហោះយុទ្ធសាស្ត្រ Su-24 របស់អ៊ុយក្រែនចំនួន២គ្រឿងនៅជិតទីក្រុង Nikolaev ។
លោក Sergey Aksenov ប្រធានគ្រប់គ្រងនៅ Crimea បានថ្លែងនៅមុននេះបន្តិចថា មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា