ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើមផលិតយន្តហោះដ្រូន kamikaze រយៈចម្ងាយឆ្ងាយក្នុងចំនួនយ៉ាងច្រើន

Picture source: Terminal Autonomy

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrayinska Pravda បានរាយការណ៍​ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន លោក Oleksandr Kamyshin ថា អ៊ុយក្រែន បានចាប់ផ្តើមការផលិតដ៏ធំនៃយន្តហោះដ្រូន kamikaze រយៈចម្ងាយឆ្ងាយ។

លោក Kamyshin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងកំពុងផលិតយន្តហោះដ្រូនទាំងនេះរាប់សិបគ្រឿង​ នៅឆ្នាំក្រោយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងទទួលបានយន្តហោះដ្រូនច្រើនជាងមួយពាន់គ្រឿង” ។

យោងតាមមន្ត្រីរូបនេះ យន្តហោះដ្រូនថ្មីនេះ មានរយៈចម្ងាយហោះហើរជាង ១០០០គីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា នៅឆ្នាំនេះ អ៊ុយក្រែនបានបែងចែក ៤០ពាន់លាន hryvnias (ប្រហែល ១,០៦ពាន់លានដុល្លារអាមេរិក) សម្រាប់ការផលិតយន្តហោះដ្រូន។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោក គ្រោងនឹងផលិតយន្តហោះដ្រូនប្រមាណ ១លានគ្រឿងនៅឆ្នាំក្រោយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top