ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅបង់ក្លាដេស សរុបចំនួន២៦៦នាក់ បាត់បង់ជីវិត ដោយសារជំងឺអេដស៏

AFP

ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា មនុស្សសរុបចំនួន២៦៦នាក់ បានស្លាប់ដោយសារផលវិបាក ទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍ រហូតមកដល់ពេលនេះនៅក្នុងប្រទេសបង់ក្លាដេស ដែលជាចំនួនខ្ពស់បំផុត ក្នុងកំណត់ត្រា ចាប់តាំងពីអ្នកជំងឺ ដំបូងត្រូវបានរកឃើញនៅឆ្នាំ១៩៨៩ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។

កម្មវិធីគ្រប់គ្រងជំងឺរបេង ឃ្លង់ និងជំងឺអេដស៍ នៃអគ្គនាយកដ្ឋានសេវាសុខភាពបង់ក្លាដែស ហៅកាត់ថា (DGHS) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃពុធថា ទន្ទឹមនឹងនេះដែរ ប្រទេសបង់ក្លាដេសបានកត់ត្រា ការឆ្លងជំងឺអេដស៍ចំនួន១.២៧៦នាក់គិតរហូតមកដល់ពេលនេះ នៅក្នុងឆ្នាំ២០២៣នេះ ។

របាយការណ៍បានឲ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងនៅឆ្នាំនេះ មានចំនួន១.១១៨នាក់ជាពលរដ្ឋបង់ក្លាដេស ហើយចំនួន១៥៨នាក់ទៀតជាជនជាតិរ៉ូហ៊ីងយ៉ាមកពីប្រទេសមីយ៉ាន់ម៉ា ដែលរស់នៅក្នុងជំរុំផ្សេងៗគ្នានៅក្នុងស្រុក Cox’s Bazar ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេស ។

ស្ថិតិនៃការធ្វើបទបង្ហាញដោយ នាយកកម្មវិធី Md Mahfuzur Rahman Sarkar បានឲ្យដឹងថា អ្នកជំងឺសរុបចំនួន៩៤៧នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណនៅទូទាំង ប្រទេសដោយមានអ្នក ស្លាប់ចំនួន២៣២នាក់ក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top